ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានថ្លែងថា ឆ្នាំ២០២០មានរោងចក្រសហគ្រាស ក្នុងវិស័យកាត់ដេរចំនួន ១២៩ រោងចក្រ ត្រូវបានបិទទ្វារលែងដំណើរការ ដោយធ្វើឲ្យប៉ះពាល់ដល់កម្មករនិយោជិតចំនួន ៧១,២០២ នាក់ ក្នុងនោះស្រី ៥៧,៧៩៤ នាក់ ដោយសារវិបត្តិនៃការរីករាលដាលជំងឺកូវីដ១៩ ។
លោកបន្តថា យ៉ាងណាក៏ដោយឆ្នាំ២០២០ មានរោងចក្របានបើកថ្មីឡើងវិញផងដែរ ដោយបានបង្កើតការងារដល់កម្មករនិយោជិតចំនួន ២៣,២០៨ នាក់ ក្នុងនោះស្រី ១៧,៦៣៨ នាក់។ លោក បានបន្តទៀតថា សម្រាប់ឆ្នាំ២០២១នេះ ចំនួនរោងចក្រ ដែលបង្កើតថ្មីៗនឹងមានចំនួនប្រហាក់ប្រហែលនឹងឆ្នាំ២០២០កន្លងទៅ ខណៈនៅចុងឆ្នាំ២០២០ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានអនុម័តគម្រោងវិនិយោគរោងចក្រជាបន្តបន្ទាប់ ដែលនឹងដំណើរការសាងសង់នៅឆ្នាំ២០២១នេះ។ លោក បានបញ្ជាក់ថា គិតរហូតមកដល់ដើមឆ្នាំ២០២១នេះ ស្ថានភាពទូទៅនៃវិស័យការងារ គឺបានត្រឡប់មករកភាពប្រសើរឡើងវិញបន្តិចម្ដងៗ ពោលគឺល្អជាងដើមឆ្នាំ២០២០ ដោយសារបញ្ហាវត្ថុធាតុដើម សម្រាប់ដំណើរការផលិត ក្នុងវិស័យកាត់ដេរមិនមានការខ្វះខាតនោះឡើយ។
អ្នកនាំពាក្យរូបនេះ រំពឹងថា វិស័យកាត់ដេរទាំងមូលនៅកម្ពុជា អាចនឹងវិលមកប្រក្រតីភាពវិញ ក្រោយពេលវិបត្តិជំងឺកូវីដ១៩ត្រូវបានបញ្ចប់។ វិបត្តិនៃជំងឺកូវីដ-១៩ បានបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ប្រទេសកម្ពុជាពិសេសវិស័យការងារ និងវិស័យទេសចរណ៍ ដែលរងផលប៉ះពាល់ធ្ងន់ជាងគេ។