ភ្នំពេញ៖ រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ បានប្រកាសអនុវត្តគម្រោងកយកាជាង១១លានដុល្លារអាមេរិក ដើម្បីជំរុញកំណែទម្រង់អភិបាលកិច្ចនៅកម្ពុជា។ គំនិតផ្តួចផ្តើមគម្រោងរយៈពេលប្រាំឆ្នាំនេះ ផ្តល់មូលនិធិដោយរដ្ឋាភិបាលកូរ៉េតាមរយៈទីភ្នាក់ងារទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA)ដែលមានថវិកាសរុបចំនួន១១,៧លានដុល្លារអាមេរិក

គម្រោងជំរុញកំណែទម្រង់អភិបាលកិច្ចនៅកម្ពុជាពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៩នេះមានគោលបំណងលើកកម្ពស់ប្រសិទ្ធភាព និងប្រសិទ្ធផលនៃរដ្ឋបាលសាធារណៈរបស់កម្ពុជាតាមរយៈការកសាងសេវាសាធារណៈប្រកបដោយវិជ្ជាជីវៈ គណនេយ្យភាព និងត្រៀមខ្លួនជាស្រេចនាពេលអនាគត។
គួររំលឹកថា៖ ថ្មីៗនេះទីភ្នាក់ងារទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ និងក្រសួងមុខងារសាធារណៈនៃរាជ រដ្ឋាភិបាលកម្ពុជាបានផ្លាស់ប្តូរកំណត់ហេតុនៃកិច្ចពិភាក្សា(RD)ជាផ្លូវការសម្រាប់គម្រោងស្តីពីការពង្រឹងសមត្ថភាពសាលាភូមិន្ទរដ្ឋបាល(RSA)សម្រាប់កំណែទម្រង់អភិបាលកិច្ចនិងការពង្រឹងកម្ពុជា។
គម្រោងនេះត្រូវបានតម្រឹមជាយុទ្ធសាស្ត្រ ជាមួយនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១ (២០២៤-២០២៨)និងចក្ខុវិស័យរយៈពេលវែង២០៥០ ជាពិសេស វារួមចំណែកដោយផ្ទាល់ដល់អាទិភាពជាតិនៃការអភិវឌ្ឍមូលធនមនុស្ស និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងសង្គម គាំទ្រដល់មហិច្ឆតារបស់រដ្ឋាភិបាលក្នុងការធ្វើទំនើបកម្ម ការផ្តល់សេវាសាធារណៈ និងជំរុញអភិបាលកិច្ចល្អ។

គំនិតផ្តួចផ្តើមគម្រោងនេះ រួមមាន ការបង្កើតកម្មវិធីសិក្សាជាតិសម្រាប់មន្ត្រីរាជការ ដែលគាំទ្រដោយការសាងសង់មជ្ឈមណ្ឌលសិក្សាថ្មី និងការបង្កើតវេទិកាអប់រំឌីជីថល ដែលអាចប្រើប្រាស់បានដល់មន្ត្រីរាជការទាំងអស់នៅទូទាំងប្រទេស។ គួរកត់សម្គាល់ថា គម្រោងនេះនឹងបង្កើតកម្មវិធីសិក្សា និងខ្លឹមសារបណ្តុះបណ្តាលលម្អិតសម្រាប់ការអប់រំបច្ចេកវិទ្យាគមនាគមន៍ ព័ត៌មានវិទ្យាICT សមស្របទៅនឹងតម្រូវការវិវត្តនៃរដ្ឋាភិបាលឌីជីថល។ កម្មវិធីនេះនឹងលើកកម្ពស់សមត្ថភាពរបស់មន្ត្រីរាជការក្នុងការប្រើប្រាស់ឧបករណ៍ និងប្រព័ន្ធឌីជីថលក្នុងការងារប្រចាំថ្ងៃរបស់ពួកគេ។
តាមរយៈវេទិកាអនឡាញមន្ត្រីសាធារណៈទូទាំងប្រទេស មិនថាទីតាំងរបស់ពួកគេនៅទីណាក៏ដោយ ពួកគេនឹងមានលទ្ធភាពទទួលបានមាតិកាបណ្តុះបណ្តាលដែលមានគុណភាពខ្ពស់។ តាមរយៈការជម្នះឧបសគ្គនៃហេដ្ឋារចនាសម្ព័ន្ធ រូបវន្ត និងធនធានគ្រូមានកម្រិត គម្រោងនេះធានានូវឱកាសសិក្សាដែលរួមបញ្ចូល និងបន្ត និងរួមចំណែកដល់ការពង្រឹងសមត្ថភាពរដ្ឋបាលជាតិរយៈពេលវែង៕