អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយាល់ គ្រុប និងជាប្រធានសភាពាណិជ្ជកម្មកម្ពុជា យល់ឃើញថា ភាពជោគជ័យពិតប្រាកដ មិនមែនគ្រាន់តែធ្វើឱ្យទ្រព្យ ឬអំណាចរបស់ខ្លួនកើនទ្បើងនោះទេ ប៉ុន្តែគឺជាការរួមចំណែកធ្វើឱ្យមានផលវិជ្ជមាន ដើម្បីបុព្វហេតុណាមួយដែលធំជាងប្រយោជន៍ផ្ទាល់ខ្លួនដូចជា ការចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងការជួយដល់សង្គមជាតិ។

អ្នកឧកញ៉ា បានលើកឡើងលើទំព័រហ្វេសប៊ុក កាលពីពេលថ្មីៗនេះថា ពេលលោកចាប់ផ្តើមធុរកិច្ចដំបូងក្នុងឋានៈជាសហគ្រិនវ័យក្មេងមួយរូប អ្វីដែលលោកផ្តោតជាសំខាន់គឺមានភាពសាមញ្ញ៖ ធ្វើឱ្យជំនួញរបស់ខ្លួនរស់រាន ទទួលជោគជ័យ និងកសាងទ្រព្យសម្បត្តិ។ បំណងប្រាថ្នា និងការតាំងចិត្តរបស់លោកបានជំរុញខ្លួនលោកឱ្យជម្នះឧបសគ្គគ្រប់កាលៈទេសៈ និងបង្កើតជីវិតមួយដែលមានសេរីភាពផ្នែកហិរញ្ញវត្ថុ។ ប៉ុន្តែ នៅពេលដែលលោកបានពង្រីកជំនួញ ដោយចាប់ផ្តើមពីអាជីវកម្មថ្មីតូចមួយ ទៅជាក្រុមហ៊ុនពហុផលិតផល លោកបានដឹងពីអ្វីដែលមានតម្លៃនោះគឺ “ភាពជោគជ័យពិតប្រាកដមិនមែនគ្រាន់តែធ្វើឱ្យទ្រព្យ ឬអំណាចរបស់ខ្លួនកើនទ្បើងនោះទេ។ ភាពជោគជ័យពិតប្រាកដ គឺការរួមចំណែកធ្វើឱ្យមានផលវិជ្ជមាន ដើម្បីបុព្វហេតុណាមួយដែលធំជាងប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នក”។
«ខ្ញុំទទួលស្គាល់ថាខ្ញុំធ្លាប់គិតថា ភាពជោគជ័យត្រូវបានវាស់វែងដោយទំហំទឹកប្រាក់ ដែលខ្ញុំមានក្នុងគណនីធនាគាររបស់ខ្ញុំ។ ប៉ុន្តែក្រោយពេលមានភាពចាស់ទុំ ចាស់ចិត្តចាស់គំនិត ខ្ញុំបានយល់ដឹងថារង្វាស់ពិតប្រាកដនៃភាពជោគជ័យ គឺការធ្វើឱ្យមានផល ឬឥទ្ធិពលវិជ្ជមានរបស់អ្នកលើអ្នកដទៃ។ ការកសាងក្រុមហ៊ុនពហុផលិតផលគឺជាដំណើរមួយដែលខ្ញុំពេញចិត្ត ប៉ុន្តែពេលវេលាដែលធ្វើឱ្យខ្ញុំមានមោទនភាពបំផុតនោះ គឺពេលវេលាដែលខ្ញុំអាចធ្វើឱ្យមានការផ្លាស់ប្តូរវិជ្ជមានដើម្បីអ្នកដទៃ មិនថាជាការជួយសហគ្រិនវ័យក្មេងម្នាក់ឱ្យសម្រេចគោលដៅរបស់ខ្លួន មិនថាជាការចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងការជួយដល់សង្គមជាតិ ឬការផ្តល់ការងារដែលធ្វើឱ្យមានស្ថិរភាព និងធ្វើឱ្យប្រជាពលរដ្ឋខ្មែរចៀសផុតពីភាពក្រីក្រនោះទេ»។ អ្នកឧកញ៉ា បានបន្ត។

អ្នកឧកញ៉ាប្រធានសភាពាណិជ្ជកម្មកម្ពុជា បានបន្ថែមថា នៅពេលដែលអ្នកចូលរួមចំណែកដើម្បីបុព្វហេតុណាមួយ ដែលធំជាងប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នក អ្នកបង្កើតឥទ្ធិពលវិជ្ជមានលើមនុស្សតៗគ្នា។ សកម្មភាពរបស់អ្នកជំរុញចិត្តអ្នកដទៃឱ្យធ្វើដូចអ្នក។ បុគ្គលិក ដៃគូ និងសូម្បីតែដៃគូប្រកួតប្រជែងនឹងចាប់អារម្មណ៍លើសកម្មភាពនេះ ហើយនឹងធ្វើតាមរបៀបដឹកនាំរបស់អ្នក។ យូរៗទៅ កិច្ចខិតខំប្រឹងប្រែងរួមគ្នានេះអាចផ្លាស់ប្តូរមុខជំនួញ សហគមន៍ និងពិភពលោកបាន។
ជាចុងក្រោយ អ្នកឧកញ៉ា គិត ម៉េង សូមផ្តាំផ្ញើជូនចំពោះអ្នកដែលកំពុងពុះពារដើម្បីសម្រេចបានជោគជ័យដូច្នេះថា៖ «ខ្ញុំជំរុញអ្នកឱ្យគិតពីផលវិជ្ជមានដើម្បីអ្នកដទៃ ឱ្យលើសពីប្រយោជន៍ផ្ទាល់ខ្លួន។ ការខំប្រឹងបំពេញការងារ ការកសាងឥទ្ធិពលធុរកិច្ចរបស់អ្នក និងការសម្រេចក្តីសុបិនរបស់អ្នកគឺជារឿងត្រឹមត្រូវ ប៉ុន្តែសូមកុំបញ្ឈប់ត្រឹមនេះ។ សូមប្រើភាពជោគជ័យរបស់អ្នកជាថ្នាលមួយ ដើម្បីរួមចំណែកក្នុងបុព្វហេតុណាមួយដែលធំជាងនេះ។ នៅទីបញ្ចប់ កេរដំណែលដែលអ្នកបន្សល់ទុកនឹងមិនត្រូវបានវាស់វែងដោយអ្វីដែលអ្នកសម្រេចបាននោះទេ ប៉ុន្តែដោយអ្វីដែលអ្នកបានផ្តល់ឱ្យ។ ជឿខ្ញុំចុះ គ្មានអ្វីដែលធ្វើឱ្យអារម្មណ៍អ្នករីករាយអស្ចារ្យជាងដឹងថា អ្នកបានចូលរួមចំណែកដ៏មានន័យធ្វើឱ្យពិភពលោកបានល្អប្រសើរនោះទេ»៕
