ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសហប្រធានក្រុមការងារ “ឈ” តំណាងផ្នែករដ្ឋាភិបាល និង ឧកញ៉ា ចាន់ សុឃាំង សហប្រធានក្រុមការងារ “ឈ” តំណាងផ្នែកឯកជន នារសៀលថ្ងៃអង្គារ ទី០៨ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារ ក្រុម “ឈ” “ផ្នែកស្រូវ-អង្ករ” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។


កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់តំណាងក្រសួងស្ថាប័ន្ថពាក់ព័ន្ធ ព្រមទាំងឧកញ៉ាៗជាច្រើនរូប ដែលជាសមាជិក សមាជិកានៃក្រុមការងារ “ឈ” តំណាងផ្នែករដ្ឋាភិបាល និងតំណាងផ្នែកឯកជនដែលជាសមាជិក សមាជិកានៃក្រុមការងារ “ឈ” ជាច្រើនទៀតផងដែរ។
បើតាមសភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា កិច្ចប្រជុំនេះមានគោលបំណង ដើម្បីពិគ្រោះពិភាក្សា និងដោះស្រាយ នូវបញ្ហាប្រឈមក្នុងវិស័យស្រូវ និងអង្ករ ដែលស្នើឡើងដោយផ្នែកឯកជន ជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ជាលទ្ធផល កិច្ចប្រជុំបានដំណើរការពិនិត្យពិភាក្សា និងដោះស្រាយទៅលើបញ្ហាប្រឈមរបស់ផ្នែកឯកជនរួមមាន÷ ១.បញ្ហានៃការផ្គត់ផ្គង់ថាមពលចំពោះវិស័យស្រូវ អង្ករ, ២.ការប្រើប្រាស់ថ្នាំពុល និងសារធាតុគីមីលើស្រូវ អង្ករ, ៣.ការលើកទឹកចិត្តផ្នែកពន្ធដារចំពោះវិស័យស្រូវ អង្ករ, ៤.បញ្ហាពូជស្រូវ, ៥.បញ្ហាតម្លៃស្រូវចុះថោក និង ៦.ផលិតកម្មកសិកម្មតាមកិច្ចសន្យាលើផលិតកម្មដំណាំស្រូវ រួមនឹងបញ្ហាមួយចំនួនផ្សេងទៀត៕





