ក្រុមហ៊ុន Kimou Environmental Holding Limited បានបង្ហាញពីបំណងស្វែងរកឱកាសវិនិយោគនៅកម្ពុជានាពេលខាងមុខ ខណៈបច្ចុប្បន្នតំណាងក្រុមហ៊ុនបានមកជួបពិភាក្សាជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាពាក់ព័ន្ធនឹងសក្តានុពលវិនិយោគនៅកម្ពុជារួចរាល់ហើយ។

នេះបើយោងតាមជំនួបពិភាក្សារវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយលោក Zhang Lianghong ប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិ ក្រុមហ៊ុន Kimou Environmental Holding Limited កាលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥។
នាឱកាសនោះ លោក Zhang Lianghong ប្រធានក្រុមប្រឹក្សាភិបាលឱ្យដឹងថា ប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន បានចុះបញ្ជីក្រុមហ៊ុនភាគហ៊ុននៅនៅទីក្រុងហុងកុង ខណៈក្រុមហ៊ុនមានបទពិសោធន៍ខ្ពស់ ក្នុងការអភិវឌ្ឍសួនឧស្សាហកម្មធំៗ ដែលយកចិត្តទុកដាក់ខ្ពស់លើដំណោះស្រាយ បរិស្ថាន។ លោកប្រធានក្រុមប្រឹក្សាភិបាលបានបន្ថែមទៀតថា ក្រុមហ៊ុនមានចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការស្វែងរកឱកាសវិនិយោគនៅនៅកម្ពុជា។
ជាការឆ្លើយតប សម្តេច បានបង្ហាញក្តីរីករាយចំពោះការចាប់អារម្មណ៍របស់ក្រុមហ៊ុន ក្នុងការវិនិយោគនៅកម្ពុជា។ សម្តេច បានបញ្ជាក់ពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាល ដែលផ្តោតអាទិភាពលើការជំរុញការអភិវឌ្ឍប្រកបដោយចីរភាព ដោយផ្ដោតលើការការពារបរិស្ថាន និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ លើសពីនេះ សម្តេច ក៏បានលើកឡើងអំពីការដាក់ចេញនូវគោលនយោបាយ យន្តការ និងការលើកទឹកចិត្តផ្សេងៗ សម្រាប់វិនិយោគិនបរទេស ពិសេសការវិនិយោគលើផ្នែកខ្សែច្រវាក់ផលិតកម្ម។
តាមរយៈជំនួបខាងលើ ប្រមុខរាជរដ្ឋាភិបាល ក៏បានជំរុញ និងលើកទឹកចិត្តដល់ក្រុមហ៊ុនឱ្យពិនិត្យលទ្ធភាពក្នុងការវិនិយោគលើផ្នែកខ្សែច្រវាក់ផ្គត់ផ្គង់ ដើម្បីចូលរួមជាមួយរដ្ឋាភិបាលក្នុងការបង្កើនតម្លៃបន្ថែម និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា។ រាជរដ្ឋាភិបាល ក៏លើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តពិភាក្សាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនៃរដ្ឋាភិបាលកម្ពុជា ដើម្បីស្វែងយល់បន្ថែមអំពីឱកាសវិនិយោគនៅកម្ពុជាផងដែរ៕ អត្ថបទ៖ ហ្សាលីន
