ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយមានការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុពីអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ បានដាក់ឱ្យដំណើការកម្មវិធីបណ្ដុះបណ្ដាលស្តីពី «ជំនាញបង្កើនផលិតភាពសហគ្រាស» ក្នុងគោលដៅបង្កើនភាពប្រកួតប្រជែង ផលិតភាព និងសមត្ថភាពអនុលោមរបស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។

ការដាក់ឱ្យដំណើរការនេះជាផ្នែកមួយនៃគម្រោង «ការងារ និងមុខរបរសមរម្យសម្រាប់យុវជន» ដំណាក់កាលទី៣ (DEY III) ដែលជាកម្មវិធីរួមរបស់អង្គការសហប្រជាជាតិ អនុវត្តដោយអង្គការ ILO, UNIDO, UNESCO, និង UNICEF ក្រោមជំនួយពីទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC)។
តាមរយៈគម្រោងនេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រួមជាមួយអង្គការ UNIDO នឹងសហការអនុវត្តសកម្មភាពជាច្រើន ដើម្បីពង្រឹងសមត្ថភាពសហគ្រាស និងសមាគមធុរកិច្ច ឱ្យបង្កើនផលិតភាព និងសមត្ថភាពប្រកួតប្រជែងលើទីផ្សារ រួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ និងផ្ដល់ការងារសមរម្យដល់យុវជន។

លោក ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា៖ “គម្រោងនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញ និងពង្រឹងសមត្ថភាពកម្មករ-បុគ្គលិក រោងចក្រ សហគ្រាស និងសិប្បកម្ម ជាពិសេសផ្តោតទៅលើវិស័យកសិ-ឧស្សាហកម្ម។ ក្រសួងបាននិងកំពុងយកចិត្តទុកដាក់លើកកម្ពស់សហគ្រិនភាព និងការអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យម ដឹកនាំសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងការបង្កើតការងារសមរម្យនិងតម្រង់ទិសរួមជាមួយការកែសម្រួលក្របខ័ណ្ឌគតិយុត្តិ និងបទបញ្ញត្តិពាក់ព័ន្ធ ដើម្បីរួមចំណែកត្រៀមក្នុងដំណើរចាកចេញពីឋានៈជាប្រទេសមានការអភិវឌ្ឍតិចតួចនៅចុងឆ្នាំ២០២៩ ដោយជោគជ័យ។”
តាមលទ្ធផលនៃការវាយតម្លៃរហ័សអំពីតម្រូវការ ធ្វើឡើងរបស់អង្គការ UNIDO សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា កំពុងប្រឈមនឹងឧបសគ្គមួយចំនួនដូចជា កង្វះលទ្ធភាពទទួលហិរញ្ញប្បទាន ប្រាក់កម្ចី និងទុនបង្វិល កង្វះចំណេះដឹងបច្ចេកទេស ដូចជាទាក់ទងនឹងសុវត្ថិភាពម្ហូបអាហារ និងប្រសិទ្ធភាពធនធាន លទ្ធភាពតភ្ជាប់និងជ្រៀតចូលទីផ្សារតិចតួច និងកង្វះបុគ្គលិកជំនាញ សមត្ថភាពគ្រប់គ្រងដំណើរការអាជីវកម្ម និងវត្ថុធាតុដើមដែលមានគុណភាពជាដើម។

លោក សុខ ណារិន តំណាងប្រចាំប្រទេសអង្គការ UNIDO បានបញ្ជាក់អំពីសារៈសំខាន់នៃការកសាងសមត្ថភាព សហគ្រាសធុនតូច និងមធ្យម ថា៖ “គំនិតផ្តួចផ្តើមនេះនឹងផ្លាស់ប្តូរ SMEs ធ្វើឱ្យពួកគេមានសមត្ថភាពប្រកួតប្រជែងខ្លាំងជាងមុន និងមានការរីកចម្រើនខ្ពស់។ វានឹងជួយបង្កើតការងារ បំផុសគំនិតដល់អ្នកដទៃ និងពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ ដែលនាំឱ្យសេដ្ឋកិច្ចក្នុងស្រុកមានភាពធន់ រឹងមាំ។ តាមរយៈការផ្តល់ដល់ SMEs នូវចំណេះដឹងសំខាន់ៗទាំងនេះ គំនិតផ្តួចផ្តើមនេះមានគោលដៅចូលរួមក្នុងការធ្វើទំនើបកម្មឧស្សាហកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាបន្ននៅកម្ពុជា។”
