ទ្រព្យសម្បត្តិរបស់លោក ត្រាំ ថយចុះអស់កន្លះពាន់លានដុល្លារ ក្រោយការប្រកាសពន្ធគយថ្មី

អន្តរជាតិ

ទ្រព្យសម្បត្តិរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ឥឡូវនេះ ត្រូវបានគេប៉ាន់ប្រមាណថាមានចំនួនសរុប ៤​,២ពាន់លានដុល្លារ បើធៀបទៅនឹងចំនួន ៤,៧ពាន់លានដុល្លារ មុនពេលមានការប្រកាសដាក់ចេញពន្ធគយទៅវិញទៅមក ដែលនាំឲ្យទីផ្សារហ៊ុនពិភពលោក ធ្លាក់ចុះយ៉ាងគំហុក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីទស្សនាវដ្តី Forbes កាលពីថ្ងៃទី៨ ខែមេសា បានប៉ាន់ប្រមាណថា ទ្រព្យសម្បត្តិរបស់លោក ត្រាំ បច្ចុប្បន្នមានចំនួន ៤,២ពាន់លានដុល្លារ ពោលគេបានធ្លាក់ចុះអស់ប្រហែល ៥០០លានដុល្លារ ត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ ក្រោយពេលប្រកាសថ្ងៃ “Liberate America Day” ជាមួយនឹងការដាក់ពន្ធទៅវិញទៅមក ដែលផ្តោតលើដៃគូសេដ្ឋកិច្ចនានាលើពិភពលោកជាង ១៨០ ប្រទេស។

យ៉ាងណាមិញ ចំពោះហេតុផលចម្បងដែលធ្វើឲ្យតម្លៃភាគហ៊ុន និងទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់លោក ត្រាំ មានការធ្លាក់ចុះច្រើនបែបនេះ គឺដោយសារតែការធ្លាក់ចុះយ៉ាងគំហុកនៃទីផ្សារហ៊ុនរបស់សហរដ្ឋអាមេរិក បន្ទាប់ពីការដាក់ចេញវិធានការពន្ធគយថ្មីនេះ ។

ជម្រាបជូនផងដែរថា បន្ទាប់ពីការធ្លាក់ចុះដ៏ធំបំផុតនៃតម្លៃទីផ្សារហ៊ុននេះ គេសង្កេតឃើញថា Trump Media and Technology Group ដែលជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់ លោក ត្រាំ និងជាម្ចាស់នៃបណ្តាញសង្គម Truth Social ផងនោះ បានទទួលរងនូវការខាតបង់យ៉ាងធំ។

ភាគហ៊ុនរបស់ក្រុមហ៊ុនបានធ្លាក់ចុះ ៨% ក្នុងពេលជួញដូរបីលើកកន្លងមក ដោយឈានដល់កម្រិតទាបបំផុតមិនធ្លាប់មាន គិតចាប់តាំងពីខែតុលា ឆ្នាំ២០២៤ មក។ លោក ត្រាំ កាន់កាប់ភាគហ៊ុនក្នុងក្រុមហ៊ុន មានតម្លៃ ២,២ពាន់លានដុល្លារ គិតនៅត្រឹមថ្ងៃទី២ ខែមេសា ហើយឥឡូវនេះ បានធ្លាក់ចុះមកសល់ប្រមាណ ២ពាន់លានដុល្លារប៉ុណ្ណោះ៕