ភ្នំពេញ៖ លោក បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និង ជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នាពាក់កណ្តាលសប្តាហ៍នេះបានដឹកនាំកិច្ចប្រជុំពិភាក្សាលើការស្នើលើកទឹកចិត្ត និង ការអនុគ្រោះ សម្រាប់គម្រោងសាងសង់ផែ Marina ។

អង្គប្រជុំ បានគាំទ្រជាគោលការណ៍ក្នុងការជំរុញគម្រោងសាងសង់ផែ Marina កោះរ៉ុងនេះ ដើម្បីបង្កើតផលិតផលទេសចរណ៍ថ្មី ជាពិសេស តាមរយៈការទាក់ទាញភ្ញៀវទេសចរលំដាប់ខ្ពស់ ដែលមានកប៉ាល់ និង/ឬ Yacht ផ្ទាល់ខ្លួន អាចចូលសំចត និង កំសាន្តនៅកោះរ៉ុង បានងាយស្រួល និង សន្សំសំចៃពេល។
គួរឱ្យដឹងថា គម្រោងសាងសង់ផែ Marina កោះរ៉ុង មានទីតាំងស្ថិតនៅក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដែលរួមមាន ចំណតផែសម្រាប់ កប៉ាល់ និង/ឬ Yacht, ស្ថានីយប្រេង និង សាកអាគុយ, បន្ទប់ទឹក, ភោជនីយដ្ឋាន, អគារការិយាល័យ, ចំណតយានយន្ត, សួនច្បារ, អគារស្នាក់នៅ, សណ្ឋាគារ, ផ្សារ ឬ ហាងទំនិញ, និង ហាងទំនិញរួចពន្ធ ជាដើម ។
លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានលើកឡើងថា គម្រោងនេះ នឹងចូលរួមចំណែកអភិវឌ្ឍកោះរ៉ុង និង ជំរុញកំណើនសេដ្ឋកិច្ចជាតិ ខណៈដែលវិស័យទេសចរណ៍ គឺជាផ្នែកមួយដ៏សំខាន់ ចំពោះមុខ ដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខិតខំក្នុងការជំរុញ និង ទាក់ទាញការវិនិយោគ៕

