ការលក់ខុនដូរនៅក្នុងប្រទេសថៃ ទៅឲ្យអតិថិជនចិន ត្រូវបានគេរាយការណ៍ថានឹងបន្តធ្លាក់ចុះ ដល់តិចជាង ៤០% ដោយសារតែការថមថយនូវភ្ញៀវទេសចរចិន មកកាន់ប្រទេសថៃ ស្របពេលគ្រោះរញ្ជួយដីនាពេលថ្មីៗនេះ ក៏បានធ្វើឲ្យបង្អាក់ដល់ទំនុកចិត្តរបស់អ្នកទិញផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។
ការលក់ខុនដូរទៅឲ្យអ្នកទិញជាជនជាតិចិន មានចំនួនប្រមាណ ៣៩% នៃការលក់ខុនដូទៅឲ្យជនបរទេសសរុប កាលពីឆ្នាំមុន ដែលនេះជាលើកទីមួយហើយ ក្នុងរយ:ពេល៥ឆ្នាំចុងក្រោយ ដែលតួលេខនេះបានធ្លាក់ចុះដល់ក្រោម ៤០% បែបនេះ។ តួលេខនេះ បានធ្លាក់ចុះ ពីការលក់ខុនដូរទៅឲ្យជនជាតិចិន មានចំនួន ៦១% នៅក្នុងឆ្នាំ២០២០ និងបន្ទាប់មកបានបន្តធ្លាក់ចុះមកនៅត្រឹម ៥៨% នៅក្នុងឆ្នាំ២០២១ និង ៤៩% នៅក្នុងឆ្នាំ២០២២។
ទន្ទឹមនឹងនេះ លោក Patcharaphot Nuntramas ប្រធានសេដ្ឋវិទូនៅប្រចាំនៅ Krungthai Compass ដែលជាមជ្ឈមណ្ឌលស្រាវជ្រាវស្ថិតនៅក្រោមធនាគារ Krungthai បាននិយាយថា ការធ្លាក់ចុះនៃការលក់ខុនដូទៅឲ្យជនជាតិចិន កើតឡើងស្របពេលជាមួយគ្នា នៅពេលដែលភ្ញៀវមកពីប្រទេសនោះ ក៏បានធ្លាក់ចុះផងដែរ។ ការធ្លាក់ចុះវិស័យទេសចរណ៍នេះត្រូវបានគេសន្មតថា នឹងធ្វើឲ្យមានការប្រកួតប្រជែងកាន់តែខ្លាំងពីសំណាក់ប្រទេសផ្សេងទៀត ជាពិសេសប្រទេសជប៉ុន វៀតណាម និងកូរ៉េខាងត្បូង។
មិនតែប៉ុណ្ណោះ លោក Patcharaphot បានបន្ថែមទៀតថា ការកើតមានឡើងនៃគ្រោះរញ្ជួយដី នៅក្នុងប្រទេសថៃ កាលពីពេលថ្មីៗនេះ ក៏នឹងអាចធ្វើឲ្យការផ្ទេរខុនដូរ និងការទិញខុនដូ ដោយជនជាតិចិន កាន់តែធ្លាក់ចុះ នៅឆ្នាំនេះ ផងដែរ។
យោងតាមមជ្ឈមណ្ឌលស្រាវជ្រាវ Krungthai Compass បានបង្ហាញឲ្យដឹងថា ការលក់ខុនដូសរុបដោយអ្នកទិញបរទេស ក្នុងប្រទេសថៃកាលពីឆ្នាំមុន មានចំនួនសរុប ៦៨ ១៨៣ យូនីត ពោលគឺបានថយចុះ ៦,៨% ធៀបទៅនឹងឆ្នាំ២០២៣។
ជម្រាបជូនផងដែរថា អ្នកទិញដែលជាជនជាតិចិននៅតែជាក្រុមឈានមុខគេ សម្រាប់ការផ្ទេរខុនដូទៅឲ្យជនបរទេស នៅក្នុងប្រទេសថៃ បន្ទាប់ពីអ្នកទិញមកពីប្រទេសមីយ៉ាន់ម៉ា រុស្ស៊ី តៃវ៉ាន់ និងសហរដ្ឋអាមេរិក៕