អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការ និងជាតំណាងលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា នារសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ បានចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (ក.ផ.ផ.) លើកទី៥ ក្រោមអធិបតីភាព លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធាន ក.ផ.ផ.។

តាមការបញ្ជាក់ឱ្យដឹងកិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងបន្តពិភាក្សា និងតាមដានវឌ្ឍនភាពការងារដែលបានដាក់ចេញដើម្បីពង្រឹងប្រសិទ្ធភាពអង្គភាពផ្ទៃក្នុងសំដៅសម្រេចឱ្យបានតាមផែនការយុទ្ធសាស្ត្រផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក និងទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកកម្ពុជា។
របៀបវារៈសំខាន់ៗដែលនឹងត្រូវធ្វើឡើងមានចំនួន៥ចំណុចដូចជា៖ សុន្ទរកថាស្វាគមន៍របស់ លោក ហួត ហាក់ រដ្ឋមន្រ្ដីក្រសួងទេសចរណ៍ និងជាប្រធានក.ផ.ផ.។ ការបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្ដលើបេក្ខភាពនាយកប្រតិបត្ដិថ្មីរបស់ ក.ផ.ផ.។
បន្ថែមពីនោះកិច្ចប្រជុំនេះ ក៏នឹងពិនិត្យ និងអនុម័តលើទម្រង់ស្ថាប័នរបស់ ក.ផ.ផ.។ ការពិនិត្យ និងអនុម័តលើ Brand Guideline របស់ ក.ផ.ផ.។ទន្ទឹមនឹងនោះក៏នឹងពិនិត្យ និងអនុម័តនីតិវិធីប្រតិបត្ដិការស្ដង់ដារ (SOP) សម្រាប់ការគ្រប់គ្រងផ្ទៃក្នុងរបស់ ក.ផ.ផ. រួមមាន៖ គណនេយ្យនិងហិរញ្ញវត្ថុ, ការគ្រប់គ្រងធនធានមនុស្ស, ការកំណត់ប្រាក់បេសកកម្មជាដើម៕






