នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី២០ របស់ក្រុមប្រឹក្សាខេត្ត នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានថ្លែងអំណរគុណចំពោះទឹកចិត្តបងប្អូនប្រជាពលរដ្ឋក្នុងក្រុងសៀមរាប ជាពិសេសបងប្អូនមានលំនៅដ្ឋាននៅតាមដងមាត់ស្ទឹងសៀមរាប ដែលបានសហការ និងបានស្ម័ត្រចិត្តក្នុងការរុះរើលំនៅដ្ឋានរបស់ខ្លួនទៅកាន់ទីកន្លែងថ្មី និង បងប្អូនប្រជាពលរដ្ឋដែលបានធ្វើការរុះរើលំនៅដ្ឋាន និង របងដែលបានប៉ះពាល់ ក្នុងការចូលរួមអភិវឌ្ឍន៍ផ្លូវទាំង៣៨ខ្សែក្នុងក្រុងសៀមរាប។
លោកបន្តថា អាជ្ញាធរខេត្ត បានសម្របសម្រួល និងពន្យល់ឲ្យបងប្អូនដែលមានការប៉ះពាល់ផ្លូវទាំង៣៨ខ្សែក្នុងក្រុង សៀមរាបអនុវត្តទៅតាមជើងម៉ែត្រដែលបានកំណត់។
គួរំលឹកផងថា នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋានសាងសង់ និងកែលម្អផ្លូវទាំង ៣៨ខ្សែ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។
ផ្លូវទាំង៣៨ខ្សែនេះ មានប្រវែងសរុប ១០៨.៧៤គីឡូ ម៉ែត្រ ដោយគ្រោងប្រើប្រាស់ថវិកាជាតិសរុបប្រមាណ ១៤០លានដុល្លារអាមេរិក និងថវិកាជាង ៩លានដុល្លារអាមេរិកទៀត សម្រាប់ការងារចាំបាច់ក្នុងការរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ដែលនៅក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង ៣៨នេះ។
តាមរយៈគម្រោងសាងសង់ផ្លូវទាំង៣៨ខ្សែនេះនឹងធ្វើឲ្យទីក្រុងសៀមរាប ប្រែក្លាយរូបរាងជាទីក្រុងទំនើប និងទេសចរណ៍ ដ៏មាន សក្តា នុពល ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជាកំណត់ជាតំបន់ស្នូលនៃប៉ូល អភិ វឌ្ឍ ជាតិ ជា គោលដៅ ទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្រ្ត និងធម្មជាតិ ស្របតាមរូបសាស្ត្រទីក្រុង រួមជាមួយការគិតគូរ ដល់ការពារ និងកែលម្អបរិស្ថាន ផាសុខភាពរបស់ប្រជាពលរដ្ឋ និងការរៀបចំ អភិវឌ្ឍ ទីក្រុងឆ្លាតវៃ (Smart City) ផងដែរ។ ក្រោយពីបញ្ចប់ការសាងសង់ទៅ គម្រោងនេះនឹងដើរតួ ជា ហេដ្ឋា រចនាសម្ព័ន្ធ ប្រទាក់ក្រឡាគ្នាតភ្ជាប់ទីប្រជុំជន ទៅជាយក្រុង និងតភ្ជាប់ទៅកាន់តំបន់ទេសចរណ៍សំខាន់ៗ និង បណ្តាញ ខ្សែផ្លូវជាតិនានាសំដៅកាត់បន្ថយការកកស្ទះ ចរាចរណ៍ ក្នុងទីក្រុងជំរុញកំណើនដឹកជញ្ជូន ទាក់ទាញវិនិយោគិន ធុរជន និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលជាការរួមចំណែក ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យ កាន់តែរីកចម្រើននៅក្រោយវិបត្តិនៃជំងឺកូវីដ-១៩៕