លោកឧកញ៉ា គួច ម៉េងលី៖ កុំអានតែសៀវភៅជោគជ័យ

សង្គម​ និង​សេដ្ឋកិច្ច

លោកឧកញ៉ា គួច ម៉េងលី អគ្គនាយក្រុមហ៊ុន ម៉េងលី ជេគួច បានថ្លែងលើបណ្តាញសង្គមថា យុវជនសម័យនេះមួយចំនួន បើក្នុងផ្ទះគាត់មានសៀវភៅ១០ក្បាល គឺ៩​ក្បាលហើយដែលជាសៀវភៅនិយាយអំពីភាពជោគជ័យ។ ម្ង៉ៃៗពួកគាត់គិតតែរឿងជោគជ័យ អានតែសៀវភៅជោគជ័យ។ អ្នកខ្លះរៀនមិនទាន់​ចប់បាក់ឌុបផង ពួកគាត់ចង់ជោគជ័យ វក់ស្ដាប់តែអ្នកជោគជ័យ សង្វាត​អានតែសៀវភៅនិយាយអំពីភាពជោគជ័យ អានយូរៗទៅក៏សម្រេចចិត្តឈប់រៀន ទៅបើកអាជីវកម្មខ្លួនឯង។ ដល់ពេលទៅបើកទាំងក្នុងខ្លួនប្រហោងធ្លុងដូចស្គរ ពួកគាត់ក៏បរាជ័យ ក្ស័យទុន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

Image may contain: 1 person, eyeglasses and indoor

លោកឧកញ៉ាបន្តថា បើជាកូនអ្នកមាន គេក្ស័យទុនត្រឹម១០-២០ម៉ឺនដុល្លារ ម៉ែឪគេផ្ដល់លុយឱ្យថែមទៀត គេលើកទឹកចិត្តកូនគេទៀត ហើយគេចាត់ទុកជាពិសោធន៍ជីវិត។ ចុះយើងជាកូនអ្នកក្រ ទម្រាំសន្សំលុយបាន៤-៥ពាន់ដុល្លារ ទៅប្រវាស់​ពី​បងប្អូនផង មិត្តភក្តិផង ចុះបើក្ស័យទុន តើមានលុយឯណាសងគេវិញ? តើមាននរណាគេចាំលើកទឹកចិត្តនិងផ្ដល់កម្លាំងចិត្ត?

បើចង់បើកអាជីវកម្មខ្លួនឯងក៏បើកចុះ ប៉ុន្តែត្រូវរៀនឱ្យបានជ្រៅជ្រះ ធ្វើការឱ្យគេយកពិសោធន៍៤-៥ឆ្នាំសិន ហើយអានសៀវភៅឱ្យបានច្រើន ទើប​វាមានឱកាសជោគជ័យខ្ពស់។ ការអានសៀវភៅនេះទៀតសោត ត្រូវ​អានឱ្យបានគ្រប់រសជាតិ។ ពោលគឺអានតាំងពីសៀវភៅចិត្តសាស្ត្រ ប្រវត្តិសាស្ត្រ រឿងប្រលោមលោក រឿងមនោសញ្ចេតនា រឿងស្នេហា រឿងផ្សងព្រេង រឿងស៊ើបអង្កេត រឿងវិទ្យាសាស្ត្រ រឿងខ្លី កំណាព្យ អានកាសែត ទស្សនាវដ្ដី ជាដើម។ បន្ទាប់ពីអានរបស់ទាំងនេះធ្វើឱ្យមានជំនក់ចិត្តលើការអានហើយ ត្រូវអានអ្វីដែលពាក់ព័ន្ធមុខជំនាញឬអាជីពរបស់ខ្លួន។ និយាយរួមសូមអានឱ្យទាល់តែរកសៀវភៅអានលែងបាន ពិសេសត្រូវអានឱ្យច្បាស់លាស់ អានឱ្យយល់ ហើយដើម្បីអានឱ្យយល់ កុំអានតែចំណងជើង គឺត្រូវអានពីក្បាលដល់កន្ទុយ។ ពោល អានពីដើមដល់ចប់ដោយការគិតពិចារណាឱ្យបានហ្មត់ចត់។

ដូច្នេះ សូមក្មួយៗកុំអានតែសៀវភៅជោគជ័យ ដ្បិតវានឹងធ្វើឱ្យក្មួយៗងងឹត​ងងុល ធ្វើឱ្យក្មួយៗពុះកញ្រ្ជោលឥតបានការ ហើយធ្វើឱ្យក្មួយៗក្លាយជាមនុស្សគម្រិះ អាត្មានិយម គិតតែពីរឿង “អញៗ ចាញ់ៗ ឈ្នះៗ លុយៗ … “។

លោកឧកញ៉ាបានណែនាំអោយ ក្មួយៗត្រូវអានសៀវភៅឱ្យបានគ្រប់រសជាតិ ដើម្បីមានការគិតទូលំទូលាយ មានសុភនិច្ឆ័យខ្ពស់ យល់ពីមនុស្ស យល់ពីការនិយាយស្ដី យល់ពីសង្គមជុំវិញ និងដើម្បីមើលឃើញមនុស្សធ្លុះដល់ក្រអៅបេះដូង ពុំមែនមើលមនុស្សឃើញតែលុយនោះទេ៕