ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ លើការបង្កើតថ្នាលបណ្ដុះបណ្ដាលជំនាញបច្ចេកទេសសាធារណការ និងដឹកជញ្ជូន ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី បានថ្លែងថា នេះគឺជាប្រវត្តិសាស្ត្រ ដែលក្រសួងសាធារណការ និងដឹកជញ្ជូន បានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា តាមរយៈវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន និងវិទ្យាសា្ថនបច្ចេកវិទ្យាកម្ពុជា បង្កើតថ្នាលបណ្ដុះបណ្ដាលលើជំនាញបច្ចេកទេសសាធារណការ និងដឹកជញ្ជូន ដោយកន្លងមកមិនទាន់ឃើញមានគ្រឹះស្ថានណាមួយផ្ដោតលើការបណ្ដុះបណ្ដាលលើជំនាញបច្ចេកទេសសាងសង់ស្ពាន ថ្នល់ កំពង់ផែ និងផ្លូវដែកទេ។
ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍ថា លោកចង់ឃើញកូនខ្មែរជំនាន់នេះ និងជំនាន់បន្តបន្ទាប់ មានសមត្ថភាពដូចបុព្វបុរសសម័យមុន ដែលមានសមត្ថភាពកសាងប្រាង្គប្រាសាទដ៏ស្រស់បំព្រង និងមានគុណភាពជាប់បានរាប់រយពាន់ឆ្នាំ ថែមទាំងល្បីល្បាញពាសពេញសកលលោកទៀតផង។
លោកទេសរដ្ឋមន្ត្រីបញ្ជាក់ថា៖ “យើងមានលទ្ធភាពកសាងគ្រឹះស្ថានសិក្សា ដើម្បីផ្តល់ចំណេះដឹងដល់កូនខ្មែរ ប៉ុន្តែកូនខ្មែរទាំងអស់ត្រូវមានឆន្ទៈខ្ពស់ និងមុតស្រួច ក្នុងការយកចំណេះដឹងទាំងនោះទៅបម្រើជាតិមាតុភូមិនៃយើងឱ្យកាន់តែរីកច្រើនរុងរឿង ប្រកបដោយកេរ្តិ៍ឈ្មោះល្បីរន្ទឺពាសពេញពិភពលោក” ៕