អ្នកឧកញ៉ា លាង ម៉េង អនុប្រធាន និងជាតំណាងលោកអ្នកឧកញ៉ លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា នាព្រឹកថ្ងៃចន្ទ ២រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥នេះ បានដឹកនាំគណៈប្រតិភូសមាគមឧកញ៉ា ចូលរួមក្នុងព្រះរាជពិធី បួងសួងចម្រើនសេចក្តីសុខជូនដល់ព្រះរាជាណាចក្រកម្ពុជានៅបរិវេណខាងមុខប្រាសាទអង្គរវត្ត ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត នៃព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
ក្នុងព្រះរាជពិធីយ៉ាងមហោឡារឹកក្រោមបរិយាកាសដ៏ត្រជាក់ត្រជំនាពេលព្រឹកព្រលឹមនាមុខប្រាសាទអង្គរនេះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា ឯកអគ្គរាជទូត រដ្ឋទូត នៃបណ្តាប្រទេសជាមិត្ត ក៏ដូចជាមន្ត្រីរាជការ យុវជន និងប្រជាពលរដ្ឋក្នុងខេត្តសៀមរាបយ៉ាងច្រើនកុះករផងដែរ៕








