មុនសម្រេចចិត្តបើកមុខជំនួញ ឧកញ៉ា គួច ម៉េងលី ប្រាប់ឲ្យមើលកតត្តាទាំងនេះសិន!

អាជីវកម្ម

លោកឧកញ៉ា គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ ក្រុមហ៊ុន ម៉េងលី ជេគួច បានបង្ហើបចំណុចមួយចំនួនមុនចេញបើកអាជីវកម្ម។ ឧកញ៉ាញូស៍ សូមនាំលោកអ្នកមកតាមដានទាំងអស់គ្នាថាតើកត្តាអ្វីខ្លះដែលយើងជាអ្នករកទទួលទាន ត្រូវដឹងមុនពេលបើកអាជីវកម្ម?

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ណែនាំ ថ្នាំ ៤ ប្រភេទ  ដែលគួរត្រៀមទុកក្នុងផ្ទះជាប្រចាំ - ព័ត៌មាន រាមកេរ្តិ៍

នៅលើពិភពលោកនេះ កម្រមានគេបង្ហាញ ឬប្រាប់យើងពីរបៀបរកស៊ី ឱ្យបានស៊ីជម្រៅក្រៅពីបង្ហាញពីបទពិសោធផ្ទាល់ខ្លួនណាស់ព្រោះពេលខ្លះ ការបង្ហាញគឺងាយស្រួល តែការអនុវត្តមិនស្រួលនោះទេ មិនទទួលបានជោគជ័យដូចការបង្ហាញនោះទេ។ នៅទីនេះ ខ្ញុំលើកសំណួរសាកល្បងតូចមួយគឺថា តើអ្នករកស៊ី ឬអ្នកធ្វើអាជីវកម្ម ដែលចេញពីតំណគ្រួសារ និងចេញពីការរៀនសូត្រ មានភាពខុសគ្នាយ៉ាងដូចម្ដេចខ្លះ?

បើយោងតាមស្ថានភាពទូទៅនៅកម្ពុជាយើង អ្នកប្រកបអាជីវកម្ម ឬអ្នករកស៊ីកើតឡើងច្រើននូវគ្រប់រូបភាពគឺ៖
• ការក្របករបររកស៊ី ដែលមានតំណពីឪពុកម្ដាយ និង
• ការរកស៊ីចេញពីការរៀនសូត្រ
ការប្រកបរបររកស៊ីដែលមានតំណពីគ្រួសារឪពុកម្ដាយ គឺមានន័យថា ឪពុកម្ដាយជាអ្នករកស៊ី ហើយបានបន្ដការរកស៊ីនេះមកឱ្យកូនៗធ្វើបន្ដ ហើយរបៀបនៃការបន្ដអាជីវកម្មឱ្យកូននេះ គឺលេចចេញនូវលក្ខណៈពីរយ៉ាងក្នុងការអប់រំកូន គឺការអប់រំដោយប្រើចំណេះដឹងចេញពីការរៀនសូត្រនៅសាលា និងការអប់រំដោយឱ្យកូនសង្កេតមើលលើសកម្មភាព ដែលខ្លួនកំពុងធ្វើអាជីវកម្មជារៀងរាល់ថ្ងៃ។

ដូចបានឃើញស្រាប់ហើយថា អ្នករកស៊ីធ្វើអាជីវកម្មដែលគ្មានការរៀនសូត្រជ្រៅជ្រះពីសាលាត្រឹមត្រូវ ហើយទទួលបានជោគជ័យ គឺភាគច្រើនធ្វើទៅតាមតំណចេញពីគ្រួសារដែលជាអ្នករកស៊ីពីមុនមក។ ចំណុចនេះមានន័យថា ឪពុកម្ដាយគាត់ធ្វើអាជីវកម្មប្រភេទអ្វី គាត់មើលឃើញអាជីវកម្មប្រភេទនោះទទួលបានជោគជ័យ គាត់ក៏ធ្វើអាជីវកម្មនោះបន្ដ ដោយគាត់មើលពីរបៀបធ្វើអាជីវកម្មនោះជារៀងរាល់ថ្ងៃពីឪពុកម្ដាយគាត់។ កត្ដាទាំងនេះ គឺជាមេរៀនដែលមានភាពជាក់លាក់បំផុត ហើយមិនមានបង្រៀននៅក្នុងសាលារៀននោះទេហើយគ្រប់ទង្វើ គ្រប់សកម្មភាពទាំងអស់របស់ម្ដាយឪពុកដែលបានធ្វើ ត្រូវបានថតជាប់ក្នុងខួរក្បាល សតិអារម្មណ៍គាត់ដោយមិនដឹងខ្លួន។ លុះពេលគាត់ចាប់ផ្ដើមអនុវត្តការធ្វើអាជីវកម្ម ធ្វើឱ្យគាត់ទទួលបានជោគជ័យដែរ។

ឧទាហរណ៍ ដូចជាធ្វើទំនាក់ទំនងជាមួយអតិថិជនដោយបៀបណា? ហើយការរកទីផ្សារតាមតម្រូវការអាជីវកម្មដោយរបៀបម៉េច?ឬការរកដើមទុនមកចាប់ផ្ដើមអាជីវកម្មដោយរបៀបណា? ហើយនៅពេលដែលផុតដៃត្រូវដោះស្រាយយ៉ាងម៉េច? ហើយចុះការគ្រប់គ្រងបុគ្គលិកវិញ គួរប្រើវិធីសាស្រ្ដយ៉ាងដូចម្ដេច? អ្វីៗជាច្រើនខាងលើនេះ ដែលគាត់បានមើលពីឪពុកម្ដាយគាត់ បានធ្វើឱ្យគាត់មានភាពរីកដុះដាលក្នុងផ្នត់គំនិតជារៀងរាល់ថ្ងៃ មិនឈប់មិនឈរ រហូតក្លាយទៅជាភាពស៊ាំនៅក្នុងខួរក្បាល។ ទាំងនេះហើយដែលធ្វើឱ្យគាត់ចេះដោយមិនដឹងខ្លួន។

ហេតុផលខាងលើនេះ យើងអាចសួរថា តើគាត់ជោគជ័យចេញពីការរៀនសូត្រដែរឬទេ?
ប្រាកដណាស់ថា គាត់ជោគជ័យដោយការរៀនសូត្រ គ្រាន់តែការរៀនសូត្ររបស់គាត់មានភាពជាក់លាក់ជាងការរៀនសូត្រទ្រឹស្តីក្នុងសាលាតែប៉ុណ្ណោះ។ មួយទៀត សន្លឹកសញ្ញាបត្រគ្រាន់តែបញ្ជាក់ពីកម្រិតសិក្សាប៉ុណ្ណោះ វាមិនអាចបញ្ជាក់ពីកម្រិតនៃសមត្ថភាពរបស់បុគ្គលនោះឡើយ។ ជួនកាលបើយើងសាកល្បងប្រៀបធៀបអ្នកមានបទពិសោធ ជាមួយអ្នករៀនមានសាលាត្រឹមត្រូវ មានសញ្ញាបត្រត្រឹមត្រូវ តែមិនមានភាពច្បាស់លាស់ រៀនដើម្បីឱ្យតែបានសញ្ញាបត្រ គឺមានភាពខុសពីគ្នាដាច់តែម្ដង។
ចុះចំពោះអ្នករៀនសូត្រធម្មតា ហើយគ្មានឪពុកម្ដាយជាអ្នករកស៊ីវិញនោះ តើគាត់អាចរកស៊ីបានទេ? ហើយគាត់ទទួលបានភាពជោគជ័យដែរឬទេ?
ពិតណាស់ អ្នករកស៊ីដែលបានលើកឡើងខាងលើនេះ គាត់មានតាមគ្រួសារដែលជាអ្នកមានស្រាប់ ឬជាអ្នកធ្វើអាជីវកម្មស្រាប់ ហើយមិនបានរៀនសូត្រមានសញ្ញាបត្រត្រឹមត្រូវ គាត់អាចធ្វើអាជីវកម្មបានជោគជ័យ។ប៉ុន្ដែភាគច្រើនមិនសូវបានជោគជ័យច្រើនជំនាន់នោះទេ យ៉ាងច្រើនបំផុតបានត្រឹមតែ៣ជំនាន់នឹងក្ស័យទុនទៅវិញ។ កត្ដានេះ គឺដោយសារតែគាត់មិនមានចំណេះដឹងពិតប្រាកដក្នុងការគ្រប់គ្រងធនធានមនុស្ស មើលខុសត្រូវទឹកចិត្ដបុគ្គលិក ការរៀបចំហិរញ្ញវត្ថុ គ្មានការគិតទូលំទូលាយទៅលើក្រុមហ៊ុនឱ្យបានគ្រប់ជ្រុងជ្រោយ។ ភាពជោគជ័យរបស់គាត់ គឺធ្វើឡើងដោយមើលគំរូតពីឪពុកម្ដាយ។ ប៉ុន្ដែប្រសិនកូនអ្នកក្រ អ្នកមធ្យម ឬអ្នករៀនសូត្រពិតប្រាកដ ហើយទទួលជោគជ័យវិញនោះ គឺកម្រនឹងក្ស័យទុនទៅវិញណាស់ ហើយអាចបានច្រើនជំនាន់ទៀត ព្រោះគេមានចំណេះដឹងរឹងមាំ។

សម្រាប់កូនអ្នកខ្សត់ខ្សោយ ដែលគ្មានមានដើមទុនក្នុងការបើកអាជីវកម្ម ហើយគាត់បែរជាគិតទៅលើការសិក្សាជាអាទិភាពក្នុងការវិនិយោគទៅលើអាជីវកម្មវិញ នោះគឺជាការគិតត្រឹមត្រូវមួយបែបទៀត ព្រោះគាត់គិតថាការរៀនសូត្ររបស់គាត់ នឹងធ្វើឱ្យគាត់ទទួលបានចំណេះដឹងក្នុងការបើកអាជីវកម្មពុំខាន។
ជាការពិតណាស់កូនអ្នកក្រ គឺគ្មានដើមទុនពីដំបូងទេ ក៏ប៉ុន្ដែដល់គាត់រៀនសូត្របានជ្រៅជ្រះខាងជំនាញណាមួយ ហើយគាត់ទៅយកបទពិសោធលើជំនាញនោះច្រើនឆ្នាំបន្ថែមទៀត ពេលគាត់ចេញមកវិញ គាត់មានដើមទុនបន្ដិចបន្ដួច គាត់ទៅបើកអាជីវកម្មខ្លួនគាត់ក៏មហាជោគជ័យណាស់ដែរ ហើយប្រសិនបើអ្នកនោះគ្មានដើមទុន ក៏មានអ្នកគេឱ្យដើមទុនធ្វើអាជីវកម្មដែរ ព្រោះគេមើលលើសមត្ថភាពដែលអ្នកនោះមាន។ សម្រាប់អ្នកមានលុយ គេរកតែអ្នកចេះដឹងពិតប្រាកដដើម្បីមកវិនិយោគលុយឱ្យគេ ឱ្យតែអ្នកនោះមានសមត្ថភាពពិត ចេះពិត ធ្វើពិត គេមិនខ្លាចបោះទុនឡើយ សំខាន់មានការស្មោះត្រង់នឹងគេ។

ដូច្នេះ ភាពជោគជ័យរបស់អ្នកក្រ គឺកើតឡើងដោយសារតែមានចំណង់ចំណូលចិត្ដ មានចំណេះជំនាញ មានបទពិសោធ និងមានការអត់ធ្មត់ ព្យាយាម ធ្វើការងារពិតប្រាកដ។ ដូចជា ការធ្វើការងារឱ្យគេបានច្រើនឆ្នាំនឹងធ្វើឱ្យគាត់ដឹងពីការជ្រើសរើសបុគ្គលិក ដឹងពីការគ្រប់គ្រងធនធានមនុស្ស ដឹងពីការគ្រប់គ្រងប្រាក់ខែបុគ្គលិក ដឹង
ពីការគ្រប់គ្រងហិរញ្ញវត្ថុ ដឹងពីយុទ្ធសាស្រ្ដទីផ្សារ ដឹងពីទំនាក់ទំនងសាធារណៈ និងដឹងពីតម្រូវការអតិថិជនជាដើម។ កត្តាទំាងនេះ ជាហេតុធ្វើឱ្យគាត់មានភាពក្លាហាន ហ៊ានយកលុយរបស់គេមកវិនិយោគលើអាជីវកម្មដែលខ្លួនចូលចិត្ដ ព្រោះគាត់មានចំណេះជំនាញ និងមានពិសោធ ដែលបានមកពីសិក្សាជាច្រើនឆ្នាំ។

មួយវិញទៀត បញ្ហារបស់យុវជន សម្រាប់អ្នកចាប់ផ្ដើមអាជីវកម្មដំបូងភាគច្រើនឃើញថា ពេលលក់បានលុយ គាត់ភ្លេចគិតថា អាហ្នឹងគឺជាលុយជំពាក់គេទេ ជំពាក់ទឹក ជំពាក់ភ្លើង ជំពាក់បុគ្គលិក ជំពាក់ផលប្រយោជន៍បុគ្គលិកទូទៅ សព្វបែបយ៉ាងទាំងអស់។ យើងត្រូវចាំថា លុយដែលប្រមូលបានពីការលក់របស់យើងមិនមែនជាចំណូលឬប្រាក់ចំណេញ ដែលទុកសម្រាប់យើងចាយនោះទេ។ ប៉ុន្ដែភាគច្រើនដោយសារយើងគិតខ្លី មិនបានពិចារណាឱ្យបានលម្អិត ហើយមើលទៅឃើញលុយច្រើន ដូចជាភ្ញាក់ផ្អើលខ្លាំងពេក ភាគច្រើនចាយអស់ ហើយចាយទៅលើរបស់របរដែលយើងមិនត្រូវចាយគេហៅថា ចំណង់ខុសក្បួន ឬចាយខុសក្បូន។ ឧទាហរណ៍ថា បើយើងត្រូវការកុម្មង់របស់ដដែលមកលក់ទៀត ប៉ុន្ដែយើងបែរជាយកថវិកាទៅទិញតុ ទិញកៅអីបែបស៊ីវិល័យ ទិញឡានទំនើបៗ នោះជាការខុសឆ្គងសម្រាប់អ្នកធ្វើជំនួញ ដែលចាយខុសតម្រូវការ។

ដូច្នេះអ្វីដែលបានលើកឡើងមកនេះ គឺតម្រូវឱ្យយុវជន ជាពិសេសប្អូនៗដែលចង់រកស៊ី ត្រូវរៀនសូត្រឱ្យបានត្រឹមត្រូវ ចេះពិចារណាឱ្យបានល្អិតល្អន់ គិតវែងឆ្ងាយ ចេះថ្លឹងថ្លែង ព្រោះការគិតខ្លី គិតឆោតគិតមិនស៊ីជ្រៅ នឹងធ្វើឱ្យយើងក្ស័យទុន ហើយក្រោយពីយើងក្ស័យទុនគឺយើងធ្លាក់ទឹកចិត្ត បាក់ទឹកចិត្ត ធ្វើឱ្យយើងរួញរា បាក់ស្បាត លែងហ៊ានធ្វើជំនួញទៀតក៏មាន។

មួយទៀតដោយសារតែគេដឹងថា បើវិនិយោគទៅ ច្បាស់ជោគជ័យព្រោះអ្វីៗបានមើលឃើញរួចអស់ហើយពីពិសោធដែលបានឆ្លងកាត់។ ចំណុចទាំងពីរខាងលើ សុទ្ធតែអាចទទួលបានជោគជ័យដូចគ្នា។ គ្រាន់តែអ្នកដែលមិនបានរៀននៅសាលា ហើយជាកូនអ្នកមាន បើមិនយកចិត្ដទុកដាក់ មិនរៀនបន្ដទេនឹងក្ស័យទុនទៅវិញដោយងាយ ប៉ុន្ដែអ្នកខ្សត់ខ្សោយដែលបានរៀនសូត្រច្បាស់លាស់ ពេលគាត់ចាប់ផ្ដើមបើកអាជីវកម្មគឺច្រើនតែជោគជ័យ ហើយភាគច្រើនកូនអ្នកខ្សត់ខ្សោយច្រើនតែចាប់ផ្ដើមពីតូចទៅធំ៕