យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា នៅឆ្នាំ២០២០ កម្ពុជាបាននាំចូលបន្លែពីក្រៅប្រទេស សរុបចំនួន៣២៩ ៦១២តោន ដែលភាគច្រើន ជាបន្លែដែលកម្ពុជាមិនអាចផលិតបាន។ តាមការប៉ាន់ស្មានតម្រូវការបន្លែនៅក្នុងឆ្នាំ២០២០ មានចំនួនសរុប១ ០៤៥ ៧២៥តោន ហើយជាក់ស្តែងផលិតកម្មបន្លែក្នុងស្រុកមានលទ្ធភាពផ្គត់ផ្គង់ប្រមាណត្រឹមតែ៧១៦១១៣តោន ស្មើនឹង ៦៨% ក្នុងនោះនៅរដូវប្រាំង៦៩% និងរដូវរំហើយ៧៥%ខណៈនៅឆ្នាំ២០១៩ ផលិតបានបន្លែចំនួន៦៨១០៩៩តោន លើផ្ទៃដីផលិតកម្មដំណាំបន្លែសរុបទូទាំងប្រទេស ចំនួន៥៧២០៨ហិកតា។
តាមរបាយការណ៍ដដែល បានបញ្ជាក់ថា កម្ពុជាចាំបាច់ត្រូវនាំចូលបន្លែសរុបចំនួន៣២៩ ៦១២តោន ដែលភាគច្រើនកម្ពុជាមិនអាចផលិតបាន សម្រាប់ផ្គត់ផ្គង់ដល់អ្នកប្រើប្រាស់ឲ្យបានគ្រប់គ្រាន់ទៅតាមតម្រូវការ។
លោករដ្ឋមន្ត្រី វេង សាខុន បានជំរុញលើកទឹកចិត្ត និងគាំទ្រឲ្យប្រជាពលរដ្ឋខិតខំយកចិត្តទុកដាក់បង្កើនការដាំដុះបន្លែក្នុងស្រុក ដើម្បីផ្គត់ផ្គង់ឲ្យទីផ្សារជួយបង្កើនប្រាក់ចំណូលក្នុងគ្រួសារ បង្កើតការងារ និងឆក់យកកាលានុវត្តភាព ដែលពិភពលោកកំពុងប្រឈមនឹងវិបត្តិនៃការរីករាលដាលជាសកលនៃជំងឺឆ្លងកូវីដ-១៩ ដើម្បីពង្រីកសក្តានុពលផលិតកម្មបន្លែសុវត្តិភាព ឈានទៅកាត់បន្ថយការនាំចូល ។
គួរបញ្ជាក់ថា ដើម្បីចូលរួមលើកកម្ពស់គុណភាពផលិត ប្រសិទ្ធភាពសេដ្ឋកិច្ចផ្តល់ភាពយុត្តិធម៌ និងជំនឿទុកចិត្តដល់អ្នកបរិភោគ អគ្គនាយកដ្ឋានកសិកម្មសហការជាមួយមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត ធ្វើការបណ្តុះបណ្តាលស្តីពីគោលការណ៍កសិកម្មល្អលើដំណាំបន្លែ (GAP)។