រដ្ឋបាលខេត្តកណ្ដាល នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ បានពិភាក្សាជាមួយក្រុមការងារធនាគារពិភពលោក World Bank លើការផ្តល់ព័ត៌មាន និងសិក្សាបច្ចេកទេសរៀបចំទីលានចាក់សំរាម ដោយមានការចូលរួម ពីមន្ត្រីជំនាញ និងមន្ទីរពាក់ព័ន្ធផងដែរ។
កិច្ចប្រជុំនេះធ្វើឡើងដើម្បីណែនាំដៃគូគម្រោងរបស់រាជរដ្ឋាភិបាលថ្នាក់ខេត្តនិងថ្នាក់ក្រុង-ស្រុក អំពីវិសាលភាព និងគោលបំណងរបស់គម្រោង។ ដើម្បីពន្យល់អំពីការធ្វើផែនទីជ្រើសរើសទីលាន កំណត់អត្តសញ្ញាណអំពីទីតាំងចាក់សំរាម ដែលមានសក្តានុពលសម្រាប់សិក្សានិងអង្កេត។ ចុះត្រួតពិនិត្យដល់ទីតាំងសិក្សាលើទិន្នន័យ ដែលមានស្រាប់និងធ្វើការវាយតម្លៃនៅលើទីតាំងលម្អិតដោយមានរូបថតនិងសម្ភាសន៍ជាមួយអ្នកពាក់ព័ន្ធនៅមូលដ្ឋានផ្ទាល់។
សូមជម្រាបថា ទីលានចាក់សំរាមចំនួនបីទីតាំងដែលកំពុងសិក្សាបច្ចេកទេស គឺនៅក្រុងតាខ្មៅចំនួន១កន្លែង និងស្រុកកណ្តាលស្ទឹងចំនួន២កន្លែង៕