ជាទូទៅ អតិថិជនពេលទៅរកកម្ចីធនាគារ គួរស្វែងរកព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយ។ លោក គា បុរាណ ប្រធានសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជាបានឲ្យដឹងថា ជាទូទៅធនាគារតែងតែគិតថ្លៃសេវារដ្ឋបាលពីអតិថិជន ដែលជាថ្លៃចំណាយលើការរត់ឯកសារផ្តល់កម្ចី។ គោលការណ៍នេះអនុវត្តតាមសភាពជាក់ស្តែង តាមធនាគារនីមួយៗ។
សេវារដ្ឋបាលដែលលោក
គា បុរាណលើកឡើងមានដូចជា៖
១.
ចំណាយកម្រៃសេវាពី
០.៥%
ទៅ
១%
នៃទំហំកម្ចី
២.
សេវាចុះបន្ទុកការីនៅអង្គភាពសុរិយោដី
៣.
សេវាមេធាវី
៤.
សេវាធានារ៉ាប់រងប្រចាំឆ្នាំ
៥.
សេវាឆែក
CBC
(Credit Bureau Cambodia)
បើតាមលោកគា បុរណា ធនាគារខ្លះយកការប្រាក់ទាប តែគេគិតថ្លៃសេវារដ្ឋបាលខ្ពស់ ចំណែកធនាគារខ្លះយកការប្រាក់ខ្ពស់ តែគេអាចលើកលែងថ្លៃសេវារដ្ឋបាល។ ការគិតថ្លៃសេវារដ្ឋបាលនេះមិនអនុវត្តជាទូទៅទេ អាស្រ័យតាមគោលការណ៍ធនាគារនីមួយៗ រួមទាំងការចរចារវាងអតិថិជននិងសាមីធនាគារផ្ទាល់។
លោកគា បុរណា បានក្រើនរំលឹកថា មុនទៅស្វែងរកកម្ចីនៅធនាគារណាមួយ អតិថិជនត្រូវសាកសួរព័ត៌មានលម្អិតឱ្យបានច្បាស់លាស់ ដើម្បីងាយស្រួលក្នុងការសម្រេចចិត្ត។
តាមរបាយការណ៍ឆ្នាំ ២០២០ កម្ពុជាមានគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុដែលរួមមាន ធនាគារពាណិជ្ជចំនួន៥១ ធនាគារឯកទេសចំនួន ១៤ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើពីសាធារណជនចំនួន ៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើចំនួន ៧៦ និងគ្រឹះស្ថានឥណទានជនបទចំនួន ២៤៦៕