ភាគីកម្ពុជាបានឯកភាពជាមួយភាគីឥណ្ឌាថា នឹងរៀបចំដំណើរការតភ្ជាប់ជើងហោះហើរត្រង់ ក្រោយពេលវិបត្តិជំងឺកូវីដ-១៩ ត្រូវបានបញ្ចប់ ដើម្បីជំរុញសកម្មភាពទេសចរណ៍ឡើងវិញ និងជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែជិតស្និទ្ធថែមទៀត។ នេះបើតាមជំនួបពិភាក្សាការងាររវាង ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា ជាមួយលោកជំទាវ ទេវ្យានី ឧត្តម ខូប្រាហ្កាដេ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។
កម្ពុជា-ឥណ្ឌាមានទំនាក់ទំនងវប្បធម៌ និងសាសនាជាមួយគ្នាដ៏យូរលង់ ហើយកាលពីមុនកើតមានវិបត្តិជំងឺកូវីដ-១៩ ប្រជាជនកម្ពុជាក៏ចូលចិត្តទៅលេងកម្សាន្តនៅឥណ្ឌា តាមរយៈដំណើរទេសចរណ៍បែបសាសនាច្រើនណាស់ដែរ ដូច្នេះហើយទើបលោក ថោង ខុន បានស្នើដល់ស្ថានទូតឥណ្ឌា ក៏ដូចជារដ្ឋាភិបាលឥណ្ឌា ធ្វើយ៉ាងណារៀបចំឱ្យមានខ្សែទស្សនកិច្ចបែបសាសនានេះឡើងវិញ បន្ទាប់ពីចប់វិបត្តិជំងឺកូវីដ-១៩។
ទាក់ទងនឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ លោករដ្ឋមន្ត្រី ថោង ខុន បានលើកឡើងអំពីសំណើឱ្យមានការតភ្ជាប់ជើងហោះហើរត្រង់រវាងកម្ពុជា-ឥណ្ឌា ក្រោយពន្យារពេលអស់មួយរយៈដោយសារការរំខានពីការរីករាលដាលនៃជំងឺកូវីដ-១៩។ លោកជំទាវ ទេវ្យានី ក៏បានអះអាងថា ការងារនេះក៏ជាការងារអាទិភាពក្នុងបេសកកម្មជាឯកអគ្គរដ្ឋទូតរបស់លោកស្រីផងដែរ។
ដោយឡែកក្នុងជំនួបនោះដែល លោក ថោង ខុន បានស្នើសុំឱ្យឥណ្ឌាបន្តរៀបចំព្រឹត្តិការណ៍ប្រណាំងរថយន្តអាស៊ាន-ឥណ្ឌា និងចលនាទេសចរបើកបរដោយខ្លួនឯង ដែលនឹងក្លាយជាព្រឹត្តិការណ៍រឹតចំណងមិត្តភាព ក៏ដូចជាជំរុញចលនាទេសចរតាមផ្លូវគោករវាងឥណ្ឌា និងអាស៊ាន។ លោកជំទាវឯកអគ្គរដ្ឋទូតក៏បានទទួលយល់ព្រម និងគាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្ដួចផ្ដើមនេះ ពីព្រោះវានឹងផ្ដល់ប្រយោជន៍ច្រើនដល់វិស័យទេសចរណ៍ ស្របពេលបច្ចុប្បន្នយុវជនឥណ្ឌាពិតជាចូលចិត្តខ្លាំងណាស់ចំពោះដំណើរទេសចរណ៍បែបនេះ។
ស្ថានទូតឥណ្ឌាក៏បានគាំទ្រដល់គម្រោងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជាបន្តទៀត ព្រមទាំងអភិវឌ្ឍន៍ទេសចរណ៍ឌីជីថល ដោយលោកស្រីឯកអគ្គរដ្ឋទូតឥណ្ឌាសន្យាថា នឹងសម្របសម្រួលដល់ការបណ្ដុះបណ្ដាលអ្នកជំនាញទេសចរណ៍តាមរយៈប្រព័ន្ធវីដេអូអនឡាញ។
ក្រៅពីនេះ ស្ថានទូតឥណ្ឌាប្រចាំកម្ពុជាក៏នឹងជួយ
កែលម្អប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធតាមតំបន់អេកូទេសចរណ៍ ទេសចរណ៍វប្បធម៌ ដូចជាការកែលម្អផ្លូវចូល ផ្លាកសញ្ញា ការបណ្ដុះបណ្ដាលប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ឱ្យទទួលជំនាញក្នុងការស្វាគមន៍ភ្ញៀវទេសចរកាន់តែល្អប្រសើរ៕