លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យស្រង់ឈ្មោះមន្រ្តីនគរបាលណាដែលទៅយាមផ្ទះ ឬទៅការពារឧកញ៉ា ដើម្បីដឹងថាតើពួកគាត់មានការអនុញ្ញាតឬទេ។ នេះបើតាមរយៈទំព័រហ្វេសប៊ុករបស់លោក នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩។ ការចេញបញ្ជានេះ ធ្វើឡើងក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំស្តីពីការគ្រប់គ្រងប្រើប្រាស់ក្របខណ្ឌមន្រ្តីនគរបាលជាតិ ការគ្រប់គ្រងការប្រើប្រាស់អាវុធគ្រឿងផ្ទុះ និងមធ្យោបាយ។
នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំស្តីពីការគ្រប់គ្រងប្រេីប្រាស់ក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ ការគ្រប់គ្រងការប្រេីប្រាស់អាវុធគ្រឿងផ្ទុះ និងមធ្យោបាយ ខ្ញុំបានលើកឡើងដូចជាៈ
-ត្រូវយកចិត្តទុកដាក់ពង្រឹងអោយបានម៉ឺងម៉ាត់អំពីការគោរពវិន័យ ពេលម៉ោងការងាររដ្ឋបាលដែលបានកំណត់ ដោយពេលព្រឹកចាប់ពីម៉ោង០៧ព្រឹកដល់ម៉ោង១១និង៣០នាទី ហើយពេលល្ងាចម៉ោង១៤ដល់ម៉ោង១៧:៣០នាទី។
-ត្រូវស្នើសុំច្បាប់ឈប់សម្រាកជាលាយល័ក្ខអក្សរអោយបានត្រឹមត្រូវ។
-មន្រ្តីនគរបាល នឹងកាត់សក់ខ្លីនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញតែម្តង។
-ហាមដាច់ខាតការឆ្លៀតយកកម្លាំងក្នុងអង្គភាពទៅបម្រេីការងារនៅតាមក្រុមហ៊ុន រោងចក្រ សហគ្រាសឯកជន ឬជាលក្ខណះបុគ្គលឯកជនដែលមិនមានការអនុញ្ញាតពីថ្នាក់ដឹកនាំ និងហាមដាច់ខាតការយកមន្រ្តីនគរបាលជាតិទៅប្រចាំការការពារកន្លែងកំសាន្ត ជាពិសេសក្លឹបកំសាន្ត ខារ៉ាអូខេ និងកាស៉ីណូជាដេីម។ បន្ថែមលើចំណុចនេះ ២ថ្ងៃខាងមុខ ត្រូវស្រង់ឈ្មោះមន្រ្តីនគរបាលណាដែលទៅយាមផ្ទះ ឬទៅការពារឧកញ៉ា ដេីម្បីដឹងថាតើពួកគាត់មានការអនុញ្ញាតឬទេ។
-បន្តគ្រប់គ្រង និងការប្រេីប្រាស់អាវុធ។
-ត្រូវដឹកនាំកិច្ចប្រជុំអោយបានប្រចាំ និងមានរបាយការណ៍ ដេីម្បីដឹងថានៅមូលដ្ឋានមានបញ្ហាអ្វី និងឈានទៅរកដំណោះស្រាយទាន់ពេលវេលា។
-ហាមដាច់ខាតក្នុងការប្រេីប្រាស់មធ្យោយបាយរបស់អង្គភាព ជាពិសេសម៉ូតូបេីកផ្លូវ ឬរថយន្តសារ៉ែនរបស់អង្គភាពទៅប្រេីប្រាស់ការពារហែរអមក្រុមហ៊ុនឯកជន ឬបុគ្គលឯកជនដែលមិនស្ថិតក្នុងសមត្ថកិច្ចរបស់ខ្លួន៕