ឧកញ៉ា គួច ម៉េងលី៖ កុំក្អេងក្អាងពេក ក្រែងបាក់អំនួត ដូចត្រី​និង​​ជុច

ជុំវិញ​ឧកញ៉ា សង្គម​ និង​សេដ្ឋកិច្ច

អំនួតពេលខ្លះ បើយើងប្រើប្រាស់ត្រូវតាមកាល នឹងនាំឱ្យក្លាយជារឿងល្អ តែពេលខ្លះ បើ​យើង​ប្រើ​មិន​ត្រូវតាមកាលទេ ក៏មិនល្អដែរ ហើយនឹងនាំឱ្យមានបញ្ហា។ អួតត្រូវកាល ដូចជាពេល​ទៅដាក់​ពាក្យ​ធ្វើ​ការ ឬពេលទៅជួបអតិថិជន ឬជួបដៃគូសហការជំនួញ បើយើងពូកែអួត ឬអួតមិន​ហួស​ហេតុ​ នោះយើងនឹងអាចទទួលបានផលល្អ។ តែបើយើងអួតហួសពីសមត្ថភាព ក៏នាំឱ្យបរាជ័យដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យើងអាចសិក្សាពីភាពអំនួត តាមរយៈល្បើកប្រជាប្រិយរបស់ខ្មែរយើង គឺរឿងជុច និងត្រី។ ត្រីពេល​បានជួបជុច បែរជាមានអំនួតថា ខ្លួននឹងបុកបំប៉ើង ទម្លុះទម្លាយ ជុចឱ្យដូចជាធូលី និងផេះផង់ តែ​ទីបំផុត ខ្លួនត្រូវជាប់ជុច និងស្លាប់យ៉ាងវេទនា។ ការអួតដូចត្រីរ៉ស់ គឺអាចហៅថាអួត ត្រូវកាល តែ​ហួសសមត្ថភាព ដែលក្លាយទៅជាការប្រមាថទៅវិញ ធ្វើឱ្យខ្លួនឯងវិនាស។


សម្រាប់សង្គមមនុស្សយើង អ្នកខ្លះចូលចិត្តក្អេងក្អាង អំនួត អឿស៊ីយេ ពេលខ្លួនធ្វើអ្វីមួយបាន​ជោគ​ជ័យ​ ឬរៀនបានច្រើន ចេះស្ទាត់លើជំនាញអ្វីមួយ។ អ្នកខ្លះ អាងខ្លួនមានជំនាញ អួតនេះអួតនោះ ថា​កិច្ចការនេះ ខ្លួនធ្វើតែមួយភ្លែត ឬខ្លួនអាចធ្វើបានដោយងាយ មិនចាំបាច់គិតគូរ ឬស្រាវជ្រាវច្រើន តែ​ដល់​ពេលធ្វើ ក៏តាំងរតាក់រតុប ធ្វើមិនកើត មិនដូចជាអ្វី ដែលខ្លួនបាននិយាយ។


ការពិតភាពជោគជ័យមិនស្ថិតស្ថេរប៉ុន្មានទេ អាចនឹងបាត់បង់ទៅវិញ នៅ​ពេលណា​មួយ ឬនៅ​ពេល​ណាដែលយើងធ្វេសប្រហែស។ដូច្នេះ ទោះបីយើងជោគជ័យកម្រិតណាក៏ដោយ យើងចេះ​កម្រិត​ណា ក៏គួរកុំក្អេងក្អាង ក្រអឺតក្រទម កុំអឿស៊ីយេ កុំពើងទ្រូងខ្លាំងពេក ព្រោះក្រែងបាក់អំនួត ដូច​ត្រី​ក្នុង​ជុច។


ដើម្បីរក្សាគុណតម្លៃ ប្រជាប្រិយភាព និងអនាគតជីវិត គួរចេះដាក់ខ្លួន ឱនលំទោន ទន់ភ្លន់​បន្ទាប​ខ្លួនខ្លះទៅ។ ទោះយើងចេះហើយក៏ដោយ ពេលខ្លះធ្វើជាល្ងង់សួរគេមួយម៉ាត់ ក៏មិន​ខុសទាស់អីដែរ។ គេថា មនុស្សឆ្លាត កាន់តែពូកែ នៅពេលដាក់ខ្លួនធ្វើជាមនុស្សល្ងង់។សូមកុំភ្លេច​ថា​ មនុស្សយើង​កាន់​តែ​មានណាស់ ត្រូវធ្វើខ្លួនឱ្យកាន់តែក្រណាស់ មានកិត្តិយសមុខមាត់ខ្ពស់ណាស់ ត្រូវធ្វើខ្លួនឱ្យកាន់​តែ​ទាបណាស់ កាន់តែចេះណាស់ ធ្វើខ្លួនឱ្យកាន់តែល្ងង់ណាស់ ទើបជាការប្រសើរ៕

ខ្លឹមសារ​ទាំង​ស្រុង ដោយ​ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី