នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ អ្នកនាំពាក្យរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ចេញសេចក្ដីថ្លែងការណ៍ចំនួន ៣ចំណុច ទៅបុគ្គលឈ្មោះ ឯក សុវត្ថី ពលរដ្ឋអូស្ត្រាលីដើមកំណើតខ្មែរ។
១.អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ សូមសម្តែងការខកចិត្ត និងសោកស្ដាយជាទីបំផុតចំពោះទង្វើគ្មានមនសិការរបស់បុគ្គលឈ្មោះ ឯក សុវត្ថី ពលរដ្ឋអូស្ត្រាលីដើមកំណើតខ្មែរ រស់នៅទីក្រុងស៊ីដនី ដែលបានផ្ញើលិខិតជូនរដ្ឋមន្ត្រីពាណិជ្ជកម្មអូស្ត្រាលី ដោយចោទប្រកាន់ទាំងគ្មានមូលដ្ឋានអំពីការនាំអង្ករកម្ពុជាទៅប្រទេសអូស្ដ្រាលីថា មានពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស ក្នុងគោលបំណងទុច្ចរិត ដើម្បីរារាំងការនាំអង្ករពីកម្ពុជាចូលទីផ្សារអូស្ត្រាលី។
២.ដើម្បីការពារផលប្រយោជន៍របស់ប្រជាកសិករខ្មែរ និងកេរ្តិ៍ឈ្មោះអង្ករកម្ពុជា ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសអូស្ត្រាលី និងនូវែលសេឡង់ បានខិតខំធ្វើការសហការយ៉ាងជិតស្និទ្ធ និងបកស្រាយបំភ្លឺយ៉ាងសកម្ម ជូនក្រសួងស្ថាប័នពាក់ព័ន្ធរបស់អូស្ត្រាលី ជុំវិញការចោទប្រកាន់របស់បុគ្គលអគតិខាងលើ។ ជាលទ្ធផល ភាគីអូស្ត្រាលីបានឆ្លើយបញ្ជាក់ជាឱឡារឹកថា ផ្អែកលើការស្រាវជ្រាវរបស់ស្ថាប័នមានសមត្ថកិច្ចអូស្ត្រាលី បានរកឃើញថា ការលើកឡើងរបស់បុគ្គលឈ្មោះ ឯក សុវត្ថី គឺជាការចោទប្រកាន់ដែលគ្មានភស្តុតាង និងមិនអាចយកជាការបាន។
៣.អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមធ្វើការថ្កោលទោសជនអគតិទាំងឡាយដែលប៉ុនប៉ងបំផ្លិចបំផ្លាញផលប្រយោជន៍ប្រជាកសិករខ្មែរតាមរយៈទង្វើទុច្ចរិត និងមួលបង្កាច់បំភ្លៃការពិត ដូចករណីបានលើកឡើងខាងដើម និងសូមគូសបញ្ជាក់ជូនសាធារណជនសាជាថ្មីថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏វាងវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជានិច្ចជាកាលបានផ្តោតការយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាកសិករខ្មែរ និងកសិផលកម្ពុជា ជាពិសេសអង្ករ តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍ ក្នុងនោះក៏មានប្រទេសអូស្ត្រាលីផងដែរ ដើម្បីធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធដាំដុះ ការធានាគុណភាពកសិផល ព្រមទាំងពង្រីកទីផ្សារដែលមានស្រាប់ និងស្វែងរកបន្ថែមនូវទីផ្សារថ្មីសម្រាប់ការនាំចេញអង្ករ និងកសិផលនានារបស់កម្ពុជាឱ្យកាន់តែទូលំទូលាយ និងតម្លៃសមរម្យ សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាកសិករខ្មែរឱ្យកាន់តែល្អប្រសើរ៕