ការស្ថាបនាផ្លូវ ៣៨ខ្សែ ក្រុងសៀមរាប ដោយគិតចាប់ពីថ្ងៃបើកការដ្ឋានសាងសង់ រហូតមកដល់ពេលបច្ចុប្បន្ននេះ សម្រេចបានចំនួន ១៤,២៩% រួចហើយលើការងារស្ថាបនា។
លោក ទៀ សីហា អភិបាលខេត្តសៀមរាប ថ្លែងតាមទំព័រហ្វេសបុកថា “តាមរយៈគម្រោងសាងសង់ផ្លូវទាំង៣៨ខ្សែនេះ នឹងធ្វើឲ្យទីក្រុងសៀមរាប ប្រែក្លាយរូបរាងជាទីក្រុងទំនើប និងទេសចរណ៍ ដ៏មានសក្តានុពល ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជាកំណត់ជាតំបន់ស្នូលនៃប៉ូលអភិវឌ្ឍជាតិ ជាគោលដៅទេសចរណ៍វប្បធម៌ប្រវត្តិសាស្រ្ត និងធម្មជាតិ ស្របតាមរូបសាស្ត្រទីក្រុង រួមជាមួយការគិតគូរដល់ការការពារ និងកែលម្អបរិស្ថាន ផាសុកភាពរបស់ប្រជាពលរដ្ឋ និងការរៀបចំអភិវឌ្ឍទីក្រុងឆ្លាតវៃ (Smart City) ផងដែរ”។
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណ:កម្មការទី៧ នៃរដ្ឋសភា បានលើកឡើងក្រោយអញ្ជើញចុះពិនិត្យការសាងសង់ផ្លូវ៣៨ខ្សែក្នុងសៀមរាបថា “ទិដ្ឋភាពនៃការសាង់សង់ផ្លូវនេះបានសបញ្ជាក់ថា ទោះបីជាពិភពលោកកំពុងជួបវិបត្តិនៃការរីករាលដាលជំងឺកូវីដ១៩យ៉ាងណាក៏ដោយ ក៏ការណ៍នេះមិនបានធ្វើឲ្យមានការប៉ះពាល់ធ្ងន់ធ្ងរដល់ការអភិវឌ្ឍប្រទេសកម្ពុជាឡើយ”។
ឯកឧត្តមបានបន្តថា “ផ្ទុយទៅវិញ ការអភិវឌ្ឍនេះគឺជាការជួយស្តារសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋនៅខេត្តសៀមរាប និងជាការត្រៀមទទួលទេសចរមកកាន់ខេត្តសៀមរាបក្រោយវិបត្តិកូវីដ១៩”។
សូមរម្លឹកថា គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវទំាង៣៨ខ្សែក្នុងក្រុងសៀមរាបនេះបានធ្វើឡើង បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសបញ្ចេញកញ្ចប់ថវិកាចំនួន១៥០លានដុល្លារអាមេរិក កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០កន្លងទៅថ្មីៗនេះ៕