តារាចម្រៀងសាច់សខ្ចីដូចបណ្ដូលចេកកញ្ញា អេង ស្រីអូន ដែលគ្រប់គ្នាស្គាល់នាង តាមរយៈបទ “អូនមិនមែនជាធានាគារ” ថ្មីៗនេះ បានចេញបទចម្រៀងថ្មី១បទទៀតហើយគឺបទ“ត្រឹមស្រីចិញ្ចឹម” ដោយបទចម្រៀងមួយបទនេះកំពុងតែទទួលការចាប់អារម្មណ៍ ព្រមទាំងចាក់ដោយជាខ្លាំង លើស្រីដែលបានស្រលាញ់ប្ដីគេ។
មុនការចេញបទចម្រៀងថ្មីរបស់នាងកញ្ញា អេង ស្រីអូន បានសរសេររៀបរាប់ជាមួយអារម្មណ៍ឈឺចាប់ថា៖” ត្រឹមស្រីចិញ្ចឹមរបស់បុរសម្នាក់ គេចង់ចោលយើងពេលណាក៏បាន ពេលដែលគេឆ្អែតឆ្អន់នឹងរូបខ្ញុំ ណែនទ្រូងគ្រាំគ្រាចិត្តខ្លាំងណាស់ តើអ្នកណាយល់អារម្មណ៍ឈ្មោះជាស្រីចិញ្ចឹម”។
ជុំវិញការបង្ហោះសារនេះដែរបើតាម អេង ស្រីអូនបានឲ្យដឹងថា អ្វីដែលខ្លួនបានបង្ហោះសរសេររៀបរាប់នៅលើហ្វេសប៊ុក គឺជាអត្ថន័យ និងចំណងជើងបទចម្រៀងថ្មីរបស់នាងប៉ុណ្ណោះគ្មានអ្វីលើសពីហ្នឹងនោះទេ សុំទោសផងដែលធ្វើឲ្យពុកម៉ែបងប្អូនយល់ច្រលំ។
ជាមួយបទថ្មី “ត្រឹមស្រីចិញ្ចឹម” ដែលបានចេញ MV ប៉ុន្មានថ្ងៃនេះ ឃើញថា កំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំង ជាមួយពាក្យពេចន៍សរសើរមិនដាច់ពីមាត់ចំពោះអត្ថន័យនៃបទចម្រៀងមួយបទនេះ។
គួររម្លឹកថាបទចម្រៀងដែលធ្វើ អេង ស្រីអូន ត្រូវបានមហាជនទាំងក្នុងនិងក្រៅស្គាល់នាងគឺបទ “អូនមិមែនជាធានាគារ” ដោយមានអ្នកចូលទស្សនារាប់លានដងឯណោះ។ ចំពោះបទ “ត្រឹមស្រីចិញ្ចឹម” នេះដែរកញ្ញា សង្ឃឹមថានឹងផ្ទុះការគាំទ្រដូចបទមុនៗ៕