របាយការណ៍ស្តីពីស្ថានភាព នៃការនាំចេញអង្ករក្នុងខែមករា ឆ្នាំ២០២១ ដែលចេញផ្សាយកាលពីថ្ងៃទី២៩ ខែមករា បានបញ្ជាក់ថា ការនាំចេញអង្ករគ្រប់ប្រភេទរបស់កម្ពុជា ក្នុងខែដំបូង ឆ្នាំ២០២១ ទៅកាន់ទិសដៅ២៨ប្រទេស សម្រេចបាន៣៤ ២៧៣ តោន ថយចុះ១៦១៧៧តោន (ស្មើនឹង ៣២.០៧ភាគរយ) បើប្រៀបធៀបនឹងខែដំបូងដូចគ្នា ឆ្នាំ២០២០។ ក្នុងនោះ ការនាំចេញអង្កររបស់កម្ពុជា ទៅកាន់ប្រទេសចិន នៅតែបន្តឈរលំដាប់ទី១ ដោយកាន់កាប់ចំណែកទីផ្សារចំនួន ១៦ ១៦៣តោន, ប្រទេសបារាំង ឈរនៅលំដាប់ទី២ មានបរិមាណ ៣ ៧២៣តោន, ប្រទេសហ្គាបុង ឈរនៅលំដាប់ទី៣ មានចំនួន ៣ ៥៧០តោន, ប្រទេសម៉ាឡេស៊ី ឈរលំដាប់លេខ៤ មានចំនួន៣១៨៤តោន, ប្រទេសអូស្ត្រាលី ឈរលំដាប់លេខ៥ មានចំនួន៩០៨តោន, សាធារណរដ្ឋឆែក ឈរលំដាប់ទី៦ មានចំនួន៨៩៥តោន, ប្រទេសអេស្ប៉ាញ ឈរលំដាប់ទី៧ មានចំនួន៧៨៦តោន, ប្រទេសណេដឺឡិន ឈរលំដាប់ទី៨ មានចំនួន៧៥២ តោន, ប្រទេសនូវែលហ្សេឡង់ ឈរលំដាប់ទី៩ មានចំនួន៥៦២ តោន និងប្រទេសម៉ាយុត ឈរលំដាប់ទី១០ មានចំនួន៥០៣ តោន។
នៅខែមករា ឆ្នាំ២០២១នេះ មានក្រុមហ៊ុននាំចេញចំនួន៣៦ ក្រុមហ៊ុន ដែលមានបរិមាណនាំចេញសរុបជាង៣៤ ២៧៣ តោន ក្នុងនោះមានការថយចុះចំនួន១៦១៧៧ តោន តិចជាងបរិមាណនាំចេញនៅក្នុងខែមករា ឆ្នាំ២០២០៕