ក្រៅពីព្រលានយន្ដហោះតារាសាគរ ខេត្តកោះកុង ក៏ត្រៀមទទួលនូវព្រលានយន្ដហោះថ្មីមួយទៀតផងដែរ ស្ថិតនៅព្រំប្រទល់ស្រុកមណ្ឌលសីម៉ា និងស្រុកកោះកុងលើផ្ទៃដីប្រហែល៥០០ហិចតា។ នេះបើយោងតាមលោកសុខ សុទ្ធី អភិបាលរងខេត្តកោះកុងបានបញ្ជាក់ក្នុងសន្និសិទសារព័ត៌មានស្តីពីវឌ្ឍនភាពមូលដ្ឋានឃុំសង្កាត់ និងទិសដៅការងារបន្តរបស់ខេត្តកោះកុង នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១។
លោកថាព្រលានយន្ដហោះថ្មីនេះ រដ្ឋលេខាធិការដ្ឋានអាកាសចរស៉ីវិល និងក្រុមហ៊ុនវិនិយោគ កំពុងសិក្សារៀបចំទីតាំង។
ព្រលានយន្ដហោះទាំងពីរនេះសាងសង់រួចទាំងស្រុង នឹងជួយជំរុញកំណើនសេដ្ឋកិច្ចខេត្តកោះកុង កាន់តែខ្លាំងឡើង ធ្វើឲ្យអ្នកវិនិយោគមកបណ្ដាក់ទុនវិនិយោគ និងវិស័យទេសចរណ៍ជាដើម។
បើតាមមន្រ្តីខេត្តកោះកុងរូបនេះបានឲ្យដឹងថា ព្រលានយន្តហោះតារាសាគរនៅខេត្តកោះកុង នឹងចាប់ផ្តើមបើកដំណើរការហោះហើរសាកល្បងនៅចុងឆ្នាំនេះ។
គម្រោងព្រលានដ៏ធំនេះដែលចាយលុយរាប់រយលានដុល្លារ អភិវឌ្ឍដោយក្រុមហ៊ុន Union Development កំពុងសម្រុកបញ្ចប់គម្រោងដំណាក់កាលទីមួយ បន្ទាប់ពីពន្យាពេលដោយសារជំងឺកូវីដ ១៩។
លោក សុខ សុទ្ធី បន្តថា ព្រលានយន្តហោះតារាសាគរបានបញ្ចប់ការសាងសង់ផ្លូវរត់បាន ១០០% នៅតែបំពាក់ភ្លើងសញ្ញាប៉ុណ្ណោះ។ ចំណែកការសាងសង់ការិយាល័យ និងច្រកចេញចូលគឺសម្រេចបាន ៧០ភាគរយ។ នៅចុងឆ្នាំនេះ ព្រលានយន្តហោះតារាសាគរអាចសាកល្បងហោះហើរបានហើយ។
គួរបញ្ជាក់ថា ការអភិវឌ្ឍព្រលានដែលមានទីតាំងនៅស្រុកបុទុមសាគរនេះមានតម្លៃជាង២០០លានដុល្លារអាមេរិក ជាគម្រោងព្រលានយន្តហោះខ្នាតធំ ដែលវិនិយោគដោយក្រុមហ៊ុន Union Development Group។ វាមានប្រវែងបណ្តោយ៣២០០ម៉ែត្រ និងទទឹង៦០ម៉ែត្រ ដែលនឹងអនុញ្ញាតឲ្យយន្តហោះធុនយក្ស ប្រភេទប៊ូអីង៧៧៧ និងអ៊ែរបើស A៣៤០ ចុះចតបាន៕