ខណៈនាយករដ្ឋមន្ត្រីនេប៉ាល់ កំពុងទស្សនកិច្ចនៅកម្ពុជា ការពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើផ្នែកកាទូត និងពង្រីកទំហំពាណិជ្ជកម្មពិតជាមានសារៈសំខាន់ណាស់ ប៉ុន្តែសំណួរសួរថាតើប្រទេសទាំងពីរមានអ្វីដែលជាវិស័យសក្តានុពលអាចស្រូបទាញការវិនិយោគពីគ្នាទៅវិញទៅមក។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ាលឹម ហេងបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃទី១៤ ឧសភាកន្លងមកថា ពេលនេះកម្ពុជាកំពុងតែអូសទាញការវិនិយោគលើវិស័យឯកជន ពីប្រទេសនេប៉ាល់ទៅលើផ្នែកវារីអគ្គិសនី មកកាន់កម្ពុជាសម្រាប់ធ្វើការផ្គត់ផ្គង់នៅតាមបណ្តាទីជនបទ ទីដែលមិនទាន់បណ្តាញអគ្គិសនីប្រើប្រាស់នៅឡើយ ។
លោកបន្តថា ទំនាក់ទំនងលើវិស័យពាណិជ្ជកម្ម រវាងប្រទេសកម្ពុជាជាមួយប្រទេសនេប៉ាល់កាលពីពីពេលកន្លងទៅនេះ ហាក់មិនសូវមានភាពជិតស្និទ្ធដូចបណ្តាប្រទេសមួយចំនួនទៀតនោះឡើយ។ ប៉ុន្តែបច្ចុប្បន្ននេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានចាប់ផ្តើមរឹតបណ្តឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ ជាពិសេសបានបង្កើតគោលនយោបាយល្អៗ ក្នុងការបង្កើតឱកាសវិនិយោគសម្រាប់ប្រទេសទាំងពីរថែមទៀតផង។
លោកឧកញ៉ាបន្តថា “នៅក្នុងដំណើរទស្សនៈកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីនៃសាធារណៈរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់ លោក ខេ ភី សាម៉ា អូលី (The Rt. Hon’ble K. P. Sharma Oli) រយៈពេល៣ថ្ងៃ (១៣-១៥ ខែឧសភា) សភាពាណិជ្ជកម្មកម្ពុជា បានធ្វើការចុះអនុស្សរណៈយោគយល់ស្ដីពី សហប្រតិបត្តិការទ្វេភាគីជាមួយសភាពាណិជ្ជកម្មនេប៉ាល់ដើម្បីពង្រឹង និងពង្រីកវិស័យវិនិយោគរួមគ្នា”។ លោកឧកញ៉ាបានមានប្រសាសន៍បន្តទៀតថា “នៅក្នុងឱកាសចុះ MOU នេះ ក្រៅពីពិភាក្សាលើការងារផ្នែកធុរកិច្ចផ្សេងៗ យើងបានធ្វើការសង្កត់ធ្ងន់ ទៅលើការអូសទាញការវិនិយោគលើវិស័យឯកជនពីប្រទេសនេប៉ាល់មកកាន់កម្ពុជា ផ្នែកផលិតវារីអគ្គិសនីខ្នាតតូច ដែលវាជាជំនាញផ្ទាល់របស់ប្រទេសមួយនេះ ដើម្បីធ្វើការផ្គត់ផ្គង់នៅតាមបណ្តាទីជនបទនានា នៅកម្ពុជាដែលមិនទាន់មានថាមពលប្រើប្រាស់នៅឡើយ”។
លោកបន្តថា ;នៅពេលមានការវិនិយោគបន្ថែម លើវិស័យឯកជនផ្នែកវារីអគ្គិសនីនេះ យើងជឿជាក់ថានឹងអាចជួយសម្រួល និងកាត់បន្ថយភាពខ្វះខាតថាមពលអគ្គិសនីដែលកំពុងជួបបានមួយកម្រិតធំ។ លោកបន្តថា ក្រៅពីជជែកទៅលើការវិនិយោគលើវិស័យឯកជនផ្នែកផ្គត់ផ្គង់ថាមពលអគ្គិសនីខ្នាតតូច នៅតាមតំបន់ខាងលើនេះ ប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ និងនាយករដ្ឋមន្រ្តីនេប៉ាល់ ក៏បានជម្រុញផ្នែកដឹកជញ្ជូនតាមផ្លូវអាកាស ឱ្យមានការហោះហើរត្រង់មកកាន់កម្ពុជា ដើម្បីជួយជម្រុញផ្នែកវិស័យទេសចរណ៍ ឱ្យកាន់តែមានភាពល្អប្រសើរ ជាងពេលបច្ចុប្បន្ននេះផងដែរ៕