រាជធានីភ្នំពេញ នៅក្នុងឆ្នាំ២០២១នេះ មានផ្ទៃក្រឡានឹងរីកដល់៦៩៥,៤៩គីឡូម៉ែត្រការ៉េ ក្រោយពីកាត់ផ្នែកខ្លះនៃក្រុងតាខ្មៅ ខេត្តកណ្តាល ចូលក្នុងដែនរាជធានីភ្នំពេញ ខណៈដែលនៅឆ្នាំ២០០៦មានផ្ទៃក្រឡាត្រឹមតែ៣៨៥គីឡូម៉ែត្រការ៉េ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ខណៈពេលកំណើនប្រជាសាស្រ្តក្នុងទីក្រុងបានកើនឡើងយ៉ាងគំហុក ស្របពេលទីក្រុងកាន់តែរីកធំជាងមុន។ ក្រឡាផ្ទៃក្រុងកើន រហូតដល់ទំហំ ៦៩៥ គីឡូម៉ែត្រការ៉េក្នុងឆ្នាំ២០២១ ក្រោយការកាត់ផ្នែកខ្លះនៃខេត្តកណ្តាល ដែលធ្វើឲ្យអាជ្ញាធររាជធានីធ្វើការពង្រីកភូមិ និងសង្កាត់មួយចំនួន ដើម្បីឆ្លើយតបនឹងកំណើនប្រជាសាស្ត្រ ក៏ដូចជាជួយសម្រួលដល់អាជ្ញាធរក្នុងការគ្រប់គ្រងសណ្តាប់ធ្នាប់ និងបញ្ហាមួយចំនួនទៀតផង។
បើតាមប្រវត្តិផ្ទៃក្រឡាត្រួសៗ របស់រាជធានីភ្នំពេញមានការប្រែប្រួលដូចតទៅ៖
១. ឆ្នាំ២០០៦ មានទំហំ ៣៨៥ គីឡូម៉ែត្រការ៉េ មាន៧ខណ្ឌ និង៧៦សង្កាត់។
២. ឆ្នាំ២០០៩ មានទំហំ ៣៧៧,៤៦គីឡូម៉ែត្រការ៉េ មាន៨ខណ្ឌ និង៧៦សង្កាត់។
៣. ឆ្នាំ២០១២ មានទំហំ ៦៧៨,៤៦ គីឡូម៉ែត្រការ៉េ មាន៩ខណ្ឌ ៩៦សង្កាត់។
៤. ឆ្នាំ២០១៧ មានទំហំ ៦៩២,៤៦ គីឡូម៉ែត្រការ៉េ មាន១២ខណ្ឌ ១០៥សង្កាត់។
៥. ឆ្នាំ២០១៩ មានទំហំ ៦៩២,៤៦ គីឡូម៉ែត្រការ៉េ មាន១៤ខណ្ឌ ១០៥សង្កាត់។
៦. ឆ្នាំ២០២១ ឡើងដល់ ៦៩៥,៤៩ គីឡូម៉ែត្រការ៉េ មាន១៤ខណ្ឌ ១០៥សង្កាត់។
នៅថ្ងៃទី៩ ខែកុម្ភៈម្សិលមិញ អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ បានរៀបចំពិធីប្រកាសផ្ទេរសិទ្ធិគ្រប់គ្រង និងការទទួលខុសត្រូវរវាងរដ្ឋបាលខណ្ឌមានជ័យ និងរដ្ឋបាលខណ្ឌដង្កោ រាជធានីភ្នំពេញ ជាមួយរដ្ឋបាលក្រុងតាខ្មៅ ខេត្តកណ្ដាល ក្រោមអធិបតីភាពលោក ប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ លោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ដោយមានការចូលរួមពី អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល អភិបាលរងរាជធានីភ្នំពេញ នាយករដ្ឋបាលសាលារាជធានីភ្នំពេញ អភិបាលខណ្ឌមានជ័យ និងខណ្ឌដង្កោ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបផងដែរ៕