ទំនាក់ទំនងមិត្តភាពកម្ពុជា-ចិនបានពង្រឹងខ្លួនកាន់តែរឹងមាំនៅក្នុងរយៈពេល ៦៣ ឆ្នាំចុងក្រោយនេះ។ ជាក់ស្ដែង មហាគម្រោង «ខ្សែក្រវាត់មួយផ្លូវមួយ» ដែលដឹកនាំដោយសាធារណរដ្ឋប្រជាមានិតចិនបានផ្ដល់នូវ ឱកាសមហាសាលសម្រាប់ភាពជាដៃគូពាណិជ្ជកម្មនិងវប្បធម៌ទ្វេភាគីជាច្រើនរវាងកម្ពុជា-ចិន។
ក្នុងចំណោមគម្រោងជាច្រើនដែលស្ថិតក្រោមគំនិតផ្តួចផ្តើមនេះ គម្រោងសាងសង់អគារពហុបំណងអន្តរជាតិ គម្រោងទំនប់វារីអគ្គិសនី តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គម្រោងផ្លូវត្រង់រវាងភ្នំពេញនិងក្រុងព្រះសីហនុ អាកាសយានដ្ឋានអន្តរជាតិសៀមរាប បាននឹងកំពុងត្រៀមខ្លួនក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជា។ ស្របនឹងគំនិតផ្ដួចផ្ដើមនេះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ក៏បានសបញ្ជាក់ពីចំណងមិត្តភាពដ៏រឹងមាំរបស់ប្រជាជាតិទាំងពីរនិងជាកត្តាសំខាន់ចូលរួមដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាយើងផងដែរ។
អ្នកឧកញ៉ា គិត ម៉េង ម្ចាស់ក្រុមហ៊ុន រ៉ូយ៉ាគ្រុប បានថ្លែងឲ្យដឹងថា ក្នុងតួនាទីរបស់ខ្ញុំជាប្រធានសភាពាណិជ្ជកម្មកម្ពុជា ខ្ញុំបានឃើញពីកិច្ចសហប្រតិបត្តិការប្រកបដោយជោគជ័យជាច្រើនរវាងប្រទេសទាំងពីរ។ ខ្ញុំសូមកោតសរសើរចំពោះសម្ព័ន្ធភាពដ៏ឧត្ដុងឧត្តមរបស់កម្ពុជានិងចិន ដែល បានខិតខំកសាងឡើងអស់រយៈកាលជាយូរមកហើយ។ ខ្ញុំនឹងទន្ទឹងរង់ចាំទទួលស្វាគមន៍ វិនិយោគិននិងធុរជនចិនជ្រើសរើសប្រទេសកម្ពុជាជាប្រទេសចម្បងក្នុងការសិក្សានិងស្វែងរកឱកាសវិនិយោគកាន់តែច្រើនថែមទៀតនៅក្នុងឆ្នាំ២០២១នេះ ។
អ្នកឧកញ៉ា បានបញ្ជាក់ថា ខ្ញុំសង្ឃឹមថាឆ្នាំថ្មីឆ្នាំឆ្លូវនេះ ពួកយើងនឹងនៅតែបន្តរក្សាទំនាក់ទំនងមិត្តភាពកម្ពុជា-ចិនដ៏រឹងមាំនេះ ព្រមទាំងទទួលបានកាលានុវត្តភាពក្នុងការបន្តសហការគ្នាលើគម្រោងផ្សេងៗជាច្រើនទៀត៕