លទ្ធផលនៃការប្រមូលចំណូលពន្ធ ដែលបង្ហាញដោយលោក គង់ វិបុល ឲ្យដឹងថា ក្នុងខែមករា ឆ្នាំ២០២១ ចំណូលពន្ធ-អាករគ្រប់ប្រភេទដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ) មានចំនួន៨៧៩,៦៨ ប៊ីលានរៀល (ប្រមាណជា ២១៧,២០ លានដុល្លារអាមេរិក) ស្មើនឹង៩,៦៨% នៃផែនការប្រចាំឆ្នាំ ហើយប្រៀបធៀបនឹងចំណូលពន្ធ-អាករប្រចាំខែមករា ឆ្នាំ២០២០ ឃើញថាថយចុះចំនួន៧៧,០៨ ប៊ីលានរៀល (ប្រមាណជា ១៩,០៣ លានដុល្លារអាមេរិក) ស្មើនឹង ៨,០៦%។
ក្នុងខែមករា ឆ្នាំ២០២១ ចំណូលពីប្រភេទពន្ធ០៣ នៅតែរក្សាកំណើនគួរឲ្យកត់សម្គាល់ក្នុងនោះផងដែល ពន្ធលើប្រាក់ចំណូលចំនួន១៧៣,៧៩ប៊ីលានរៀល ធៀបនឹងខែមករា ឆ្នាំ២០២០ កើនឡើង១១,៧៦ ប៊ីលានរៀល ប្រមាណ៧,២៦%, អាករពិសេសចំនួន ៧៧,១០ប៊ីលានរៀល ធៀបនឹងខែមករា ឆ្នាំ២០២០ កើនឡើង៤,០៤ ប៊ីលានរៀល ប្រមាណ៥,៥៣%, និងពន្ធលើប្រាក់ បៀវត្សចំនួន៩១,៣១ប៊ីលានរៀល ធៀបនឹងខែមករា ឆ្នាំ២០២០ កើនឡើង៨,៣៥ ប៊ីលានរៀល ប្រមាណ ១០,០៧%។
បើតាមអគ្គនាយកដ្ឋានពន្ធដារ សម្រាប់ឆ្នាំ២០២១នេះ ដើម្បីធានានូវប្រសិទ្ធភាពក្នុងការអនុវត្តការគ្រប់គ្រងប្រមូលចំណូលពន្ធបានគ្រប់តាមផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងចំនួន៩ ០៨៤,៤២ ប៊ីលានរៀល (ប្រមាណ ២ ២៤៣,០៧ លានដុល្លារអាមេរិក) អគ្គនាយកដ្ឋានពន្ធដារនឹងបន្តពង្រឹងការអនុវត្តនូវវិធានការមួយចំនួនដូចជា បន្តពង្រឹងការអនុវត្តឱ្យមានប្រសិទ្ធភាពនូវការចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន (IT Platform), ផ្សព្វផ្សាយ និងត្រៀមអនុវត្តឱ្យមានប្រសិទ្ធភាពនូវវិធាននិងនីតិវិធីគ្រប់គ្រងការប្រើប្រាស់ឧបករ ណ៍វាស់ចំណុះស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរា ដែលផលិតក្នុងស្រុក និងពង្រឹងការគ្រប់គ្រងប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទជាដើម៕