UNESCO បានបារម្ភអំពី គម្រោងរមណីយដ្ឋានមិនមែនកាស៊ីណូដ៏ធំដែលមានតម្លៃជាង ៣៥០ លានដុល្លារ របស់ NagaCorp អាចនឹងជះឥទ្ធិពលអវិជ្ជមានដល់ទឹកដីប្រាសាទអង្គរវត្ត ដែលជាបេតិកភ័ណ្ឌពិភពលោក។
កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ អង្គការយូណេស្កូ បានចេញសេចក្ដីប្រកាសព័ត៌មាន អំពីលទ្ធផលនៃកិច្ចប្រជុំនៃគណៈកម្មាធិការអន្តរជាតិសម្រាប់រមណីយដ្ឋានអង្គរ (អាយ.ស៊ី.ស៊ី) ទាំងអ្នកបច្ចេកទេស និងជំនាញផ្នែកអភិរក្ស សុទ្ធតែយល់ថា គម្រោងនេះអាចប៉ះពាល់ដល់រមណីយដ្ឋានអង្គរ។
បើតាមសេចក្ដីប្រកាសព័ត៌មានដដែលបានបញ្ជាក់ថា គម្លាតពីគម្រោងទៅតំបន់អភិរក្ស ក៏ដូចជាសកម្មភាពដែលក្រុមហ៊ុនគ្រោងនឹងធ្វើ ពិតជាអាចជះឥទ្ធិពលដល់ប្រាសាទអង្គរ ពោលគឺអាចប៉ះពាល់ដល់ការរៀបចំជុំវិញតំបន់អភិរក្ស បញ្ហាបរិស្ថាន និងវត្ថុបុរាណ ដែលជាការងារសំខាន់មួយ នៃសម្បត្តិបេតិកភណ្ឌពិភពលោក។
ហើយអង្គការមួយនេះ នឹងបន្តតាមដានសកម្មភាពរបស់គម្រោងនេះជាបន្តបន្ទាប់ ហើយគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នឹងពិភាក្សាបញ្ហានេះបន្ថែមទៀត នៅសម័យប្រជុំលើកទី៤៤ នៅខែមិថុនា ដល់ខែកក្កដា ឆ្នាំ២០២១។
ក្រុមហ៊ុន NagaCorp បានអះអាងអំពីគម្រោងរបស់ខ្លូនថា ក្រុមហ៊ុននឹងត្រូវសាងសង់ឡើងលើផ្ទៃដីប្រមាណ ៧៥ ហិកតា ដែលក្រៅតំបន់អភិរក្ស។ គម្រោងនេះមិនមែនជាកាស៊ីណូទេ តែជារមណីយដ្ឋានចម្រុះ រួមមានជា សណ្ឋាគារ ឧទ្យានទឹក កន្លែងជិះទុកកម្សាន្ត សាលសម្រាប់ប្រជុំ សាលតាំងពិព័រណ វប្បធម៌ និងអាហារដ្ឋាន ជាដើម។ បើតាមផែនការ ការអភិវឌ្ឍរមណីដ្ឋានលំដាប់អន្តរជាតិនេះ នឹងត្រូវបញ្ចប់នៅត្រឹមឆ្នាំ ២០២៥៕