កាលពីថ្មីៗនេះមានការភ្ញាក់ផ្អើលមួយដោយមានការShareតៗគ្នាជាច្រើនចំពោះ លោកជំទាវបណ្ឌិតឧកញ៉ា សៀង ចាន់ហេងជាអគ្គនាយិកាក្រុមហ៊ុន ហេង អភិវឌ្ឍន៍ កុម្ម៉ង់ជាងធ្វើស្បែកជើងពីមាស ប្រគេនសម្ដេចព្រះឧត្តមបញ្ញា ដួង ផង់ ព្រះសង្ឃគណៈមហានិកាយ និងជាព្រះចៅអធិការ វត្តព្រែកប្រាំង ស្ថិតក្នុង ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្ត កណ្ដាល។ តាមប្រភពច្បាស់ការ ការប្រគេនស្បែកជើងធ្វើពីមាស មិនធ្លាប់មាននោះ មិនមែនទើបតែកើតឡើងថ្មីនោះឡើយ គឺលោកជំទាវ បានប្រគេនតាំងឆ្នាំ ២០១៧ មកម្ល៉េះ ប៉ុន្តែទើបតែផ្ទុះសាជាថ្មីនៅប៉ុន្មានថ្ងៃនេះ។ ហើយធ្វើដែលជាពិសេសនោះ លោកជំទាវបណ្ឌិត និង សម្តេចព្រះឧត្តមបញ្ញា ដួង ផង់ គឺមានទំនាក់ទំនងក្នុងផ្លូវព្រះពុទ្ធសាសនា ជ្រៅជ្រះខ្លាំងណាស់ ស្ទើរគ្រប់កម្មវិធីរបស់លោកជំទាវបណ្ឌិត តែងមានការនិមន្តព្រះអង្គរជានិច្ច។
លោកជំទាវឧកញ៉ាមហាឧបាសិកាបណ្ឌិតគុណធម៌ សៀង ចាន់ហេង ឧត្ដមសប្បុរសដ៏ប្រពៃ និងជាអគ្គនាយិកាក្រុមហ៊ុន ហេង អភិវឌ្ឍន៍ ត្រូវបានគេស្គាល់ថា គឺជាអ្នកជំនួញដីធ្លីនិងមុខជំនួញជាច្រើនមុខទៀត ល្បីឈ្មោះជួរមុខក្នុងប្រទេសកម្ពុជា។
ទទឹមនិងជោគជ័យលើជំនួញ លោកជំទាវក៏ត្រូវបានគេដឹងថា គឺជាអ្នកដែលធ្វើបុណ្យទានយ៉ាងខ្លាំងខ្លាផងដែរ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ លោកជំទាវបានដើរធ្វើព្រះវិហារ សាលារៀន និង សមមិត្តផលជាច្រើនទៀត ស្ទើរគ្រប់ខេត្តក្រុង ក្នុងព្រះរាជាណាចក្រកម្ពុជា។ ចំពោះការប្រគេនស្បែកជើងមាស ជូនសម្តេចព្រះឧត្តមបញ្ញា ដួង ផង់ខាងលើ មិនមែនជារឿងធំដុំសម្រាប់លោកជំទាវឡើយ ព្រោះលោកជំទាវធ្លាប់ធ្វើបុណ្យអស់ច្រើនជាងនេះឆ្ងាយណាស់ គ្រាន់តែរូបភាពនៃការប្រគេន របស់មានតម្លៃបែបនេះ មិនសូវមានមានសម្រាប់ប្រជាជនខ្មែរប៉ុណ្ណោះ។