ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងប្រគល់បទចម្រៀងចំនួន ១៣បទ ដែលជាស្នាដៃនិពន្ធរបស់គង្គ ប៊ុនឈឿន ក្នុងនោះរួមមានទាំងបទដ៏ល្បីគឺបទ «ជំនោរប៉ៃលិន» និង «ស្រណោះផ្កាខ្ទម» ជូនលោកស្រី គា គីមលន ភរិយាលោក គង្គ ប៊ុនឈឿន នាពេលខាងមុខ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩។
ក្រសួងបានឱ្យដឹងថា កន្លងទៅនក្រសួងបានទទួលសំណើសុំសិទ្ធិគ្រប់គ្រងបទចម្រៀងពីលោកស្រី គាត គីមលន លើបទចម្រៀងដែលជាស្នាដៃនិពន្ធរបស់កវី គង្គ ប៊ុនឈឿន។ ឆ្លងតាមការសិក្សាស្រាវជ្រាវ ក្រសួងបានពិនិត្យឃើញថា ចម្រៀង១៣បទខាងលើនេះ គឺជាស្នាដៃនិពន្ធបទភ្លេង និងទំនុកច្រៀងដោយលោក គង្គ ប៊ុនឈឿន។
ជាមួយគ្នានេះ ក្រសួងក៏បានប្រកាសដល់រាល់ភាគីពាក់ព័ន្ធទាំងអស់ ដែលមានបំណងចង់ប្តឹងជំទាស់នឹងការស្នើសុំសិទ្ធិគ្រប់គ្រងបទចម្រៀងខាងលើ អាចដាក់ពាក្យបណ្តឹងទៅនាយកដ្ឋានសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែលនៃក្រសួង ក្នុងរយៈពេល ១ខែ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕