មូលហេតុដែលបណ្តាលឲ្យតម្លៃផ្លែស្វាយធ្លាក់ថ្លៃ៤០០ទៅ៥០០រៀលក្នុង១គីឡូ ដោយសារជារដូវ កាលប្រមូលផលផ្លែស្វាយទាំងនៅកម្ពុជា និងនៅប្រទេសផ្សេងៗ ដែលបណ្តាលឲ្យមានបរិមាណផ្លែស្វាយជន់ច្រើនលើសលប់ នៅលើទីផ្សារ។ នេះបើតាមការអះអាងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
យោងតាមសេចក្ដីប្រកាសព័ត៌មានក្រសួងកសិកម្ម នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ បានឲ្យដឹងថាតម្លៃផលិតផល កសិកម្ម រួមទាំង ផ្លែស្វាយមានការប្រែប្រួលឡើង ចុះមិនទៀងទាត់ តាមរដូវកាល និងអាស្រ័យលើទំហំ នៃការផ្គត់ផ្គង់ និងតម្រូវការទីផ្សារ។
នាដើមឆ្នាំនេះ ផ្លែស្វាយមានតម្លៃល្អប្រសើរ ប៉ុន្តែចាប់ពីដើមខែកុម្ភៈ មកទល់បច្ចុប្បន្ននេះ តម្លៃផ្លែស្វាយកំពុងមានការធ្លាក់ចុះ ដោយសារជារដូវ កាលប្រមូលផល ផ្លែស្វាយនៅកម្ពុជា និងនៅប្រទេសផ្សេងៗ ដែលបណ្តាលឲ្យមានបរិមាណ ផ្លែស្វាយជន់ច្រើនលើស លប់នៅលើទីផ្សារ ស្របពេលសកម្មភាពសេដ្ឋកិច្ចទូទៅ កំពុងស្ថិតនៅក្រោមឥទ្ធិពលអវិជ្ជមាន នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។
ដើម្បីរក្សាបានស្ថិរភាព តម្លៃសមស្រប និងមានទីផ្សារ ក្រសួងអំពាវនាវដល់អ្នកដាំដុះដំណាំស្វាយទាំងអស់ ត្រូវធ្វើការចុះបញ្ជីកសិដ្ឋាន ដាំស្វាយ សម្រាប់នាំចេញ នៅអគ្គនាយកដ្ឋានកសិកម្ម ដើម្បីងាយស្រួលទទួលបានព័ត៌មាន និងសេវាបណ្តុះបណ្តលបច្ចេកទេស ក្នុងការបង្កើនផលិតភាព និងគុណភាពផ្លែស្វាយ ស្របតាមស្តង់ដារ ព្រមទាំងរៀបចំចងក្រង ជាបណ្តុំអាជីវកម្មស្វាយ សម្រាប់ទំនាក់ទំនងជាមួយ ក្រុមហ៊ុនក្នុងនិងក្រៅស្រុក ដើម្បីចុះកិច្ចសន្យាប្រមូលទិញ ធ្វើការកែច្នៃនិងនាំចេញ។
«ក្នុងគោលដៅចូលរួមចំណែកលើកកម្ពស់តម្លៃ ផលិតផលផ្លែស្វាយនៅលើទីផ្សារ និងបង្កើនប្រាក់ចំណេញ ជូនអ្នកផលិត ក្រសួងកសិកម្ម បានខិតខំស្វះស្វែងរកទីផ្សារសម្រាប់ផលិតផលផ្លែស្វាយសំខាន់ៗ តាមរយៈការចរចាលើវិធានបច្ចេកទេសអនាម័យ និងភូតគាមអនាម័យជាមួយបណ្តាប្រទេស មានសក្ដានុពលមួយចំនួន ដូចជា ប្រទេសកូរ៉េ ប្រទេសចិន និងប្រទេសជប៉ុន ជាដើម។ ការសម្រេចបាននូវការព្រមព្រៀងគ្នាជា មួយប្រទេសកូរ៉េស្ដីពី លក្ខខណ្ឌតម្រូវភូតគាមអនាម័យ បានអនុញ្ញាតឲ្យកម្ពុជាចាប់ផ្តើមការ នាំចេញផ្លែស្វាយស្រស់ ទៅកាន់ប្រទេសកូរ៉េតាំងពី ខែមករា ឆ្នាំ២០២០»។ ក្រសួងបានបន្ថែមថា ដោយឡែក ការចរចាជាមួយភាគីចិន សម្រេចបានការព្រមព្រៀងគ្នា លើពិធីសារស្តីពី លក្ខខណ្ឌតម្រូវភូតគាមអនាម័យ នៅខែមិថុនា ឆ្នាំ២០២០កន្លងមក ក៏ប៉ុន្តែដំណើរការកសាង ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត រោងចក្រប្រព្រឹត្តិកម្ម សម្លាប់ពងរុយចោះ ផ្លែស្វាយ ដែលវិនិយោគដោយផ្នែកឯកជន មានការយឺតយ៉ាវដោយសារឥទ្ធិពល នៃការរីករាលដាលនៃជំងឺកូវីដ -១៩៕