បណ្ដាញសង្គមហ្វេសប៊ុកម្នាក់ឈ្មោះ sin sophea បានទម្លាយពីរឿងរបស់លោកឧកញ៉ាស៊ឹម វណ្ណា ដែលបច្ចុប្បន្ននេះលោកហាក់មានជីវភាពរាងធ្លាក់ចុះយ៉ាងខ្លាំង ខុសពី 20 ឆ្នាំមុនដែលលោកមានលុយនិងមានអំណាច ចាយលុយទាំងបាច់ៗ បច្ចុប្បន្នបានធ្លាក់ខ្លួនឈឺ មកស្នាក់នៅផ្ទះជួល ទៅណាមកណាជិះម៉ូតូ ពេលឈឺអត់លុយព្យាបាល។
យោងតាមហ្វេសប៊ុកឈ្មោះ sin sophea ដែលបានបង្ហោះរូបអតីតឧកញ៉ាស៊ឹម វណ្ណា ហើយបានសរសេរថា “អតីតអគ្គនាយកក្រុមហ៊ុនចម្ការកៅស៊ូបឹងកេត លោកឧកញ៉ា ស៊ឹម វណ្ណា ពីមានលុយរាប់លានដុល្លារ ចាយលុយដូចក្រដាស បច្ចុប្បន្ននៅផ្ទះជួល ជិះម៉ូតូឌុប ដើរសុំលុយពីអ្នកដែលខ្លួនធ្លាប់ឲ្យចាយ ពេលឈឺរកតែលុយឲ្យថ្លៃពេទ្យមួយរៀលគ្មាន ។
សូមអាមី-អាថោងធ្លាប់តោងស៊ី ពែគាត់ជួយសម្រាលទុក្ខគាត់ផងទាន នេះជាលទ្ធផលលេងល្បែងកាស៊ីណូ បើតាមក្រុមពួកលក់សណ្តែកដី (ចៃកាស៊ីណូ) រាយការណ៍ថាអាគាត់ ស៊ឹម វណ្ណា ចាក់មួយដៃ ៥០០០-១០០០០ដុល្លារ លទ្ធផលទទួលបាន គឺរស់វេទនាជាងស្លាប់ ។ សូមប្រិយមិត្តកុំយកគំរូតាមឱ្យសោះ” ។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះ អតីតលោកឧកញ៉ា ស៊ឹម វណ្ណា ធ្លាក់ខ្លួនក្រ រស់នៅបន្ទប់ជួលតែលតោល ខ្វះព្រឹក ខ្វះល្ងាច ជិះម៉ូតូឌុប ហើយករណីខ្លះរំពឹងលើការសុំលុយពីអ្នកគាត់ធ្លាប់ស្គាល់ ហើយធ្លាប់ជួយ ដើម្បីរស់កំដរជីវិតចុងក្រោយតែប៉ណ្ណោះ ដែលកំពុងសម្រាកព្យាបាលដៃព្យួរសេរ៉ូមនៅក្នុងមន្ទីរពេទ្យមួយ ។
អ្វីដែលយើងលើកយករឿងអតីតឧកញ៉ា ស៊ឹម វណ្ណា មកនិយាយនៅពេលនេះ គឺគ្មានចេតនាណាមួយក្នុងន័យ សើច ចំអក ឬពេបជ្រាយដល់លោកនិងក្រុមគ្រួសារនោះទេ សូម្បីតែគិតក៏គ្មានដែរ ។ ផ្ទុយទៅវិញគ្រាន់តែ មានការអាណិតអាសូ លោក តែប៉ុណ្ណោះ ទើបលើកយកមកនិយាយក្នុងន័យជាមេរៀននិងជាគំរូសម្រាប់ជីវិតមនុស្សយើងម្នាក់ៗតែប៉ុណ្ណោះ ដើម្បីកុំឲ្យមនុស្សយើងមានការភ្លេចខ្លួន ចាយវាយខុសខ្ទង់ អត់ប្រមាណប្រាណ ចាយច្រើនជាងចំណូល ឬវក់និងល្បែងសុីសង វក់និងស្រីដាក់មុខជាដើម ៕