វាសនាមនុស្សមិនអាចទាយទុកមុនបានឡើយ ក៍ប៉ុន្តែចាស់បុរាណពោលថា ចេះមកពីរៀនមានពីរក តក់ៗពេញបំពង់។ ជាក់ស្តែងឧកញ៉ាស្រីប្រុស ៣នាក់ខិតខំតស៊ូគ្រប់ឧបសគ្គទម្រាំមកដល់សព្វថ្ងៃ ទោះបីមុខជំនួញ និងជីវិតរស់នៅជួបព្យុះភ្លៀងយ៉ាងណាក៍ដោយ នៅតែខំពុះពាររិះរកវិធីដោះស្រាយ ដើម្បីបានជោគជ័យ ហើយមានទ្រព្យសម្បត្តិរាប់សិបលានដុល្លារ។
តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលចុះថ្ងៃទី ២០ ខែមិនា ឆ្នាំ ២០១៧ កំណត់ថាអ្នកដែលអាចមានងារជា ឧកញ៉ា លុះត្រាតែ បានធ្វើអំណោយជូនរដ្ឋ ជាថវិកា ឬ សម្ភារ ដែលមានតម្លៃលើសពី ៥០ ម៉ឺនដុល្លារឡើងទៅ ។ ដោយឡែកនាពេលកន្លងទៅនេះ មានអ្នកជំនួញវ័យក្មេង ៣ រូបបានទទួលគោរពងារជាឧកញ៉ាជាបន្តបន្ទាប់ ក្រោយពីពួកគាត់បានជួយដល់សង្គមជាច្រើនតាមរយៈការបរិច្ចាគថវិកាជូនរដ្ឋាភិបាល ការជួយដល់ជនក្រីក្រ ការកសាងហេដ្ឋារចនាសម្ព័ន្ធជាដើម ។ សហគ្រិនវ័យក្មេងទាំងនោះរួមមាន៖
១.លោកឧកញ៉ា ផន វណ្ណិត
លោក ផន វណ្ណិត អតីតព្រះសង្ឃ ជានិស្សិតមានការសិក្សាជ្រៅជ្រះនិងខ្ពង់ខ្ពស់នៅបរទេស និងជាសាស្រ្តាចារ្យ បន្ទាប់មកដោយចំណាប់អារម្មណ៍លើវិស័យកសិកម្ម និងវិស័យអចលនទ្រព្យតាំងពីឆ្នាំ២០១១ លោកក៍ចាប់ផ្ដើមទិញដីដំបូងនៅម្ដុំចោមចៅ ផ្លូវជាតិលេខ៣។
នៅខែឧសភា ឆ្នាំ២០១៨ លោក វណ្ណិត បានបើកក្រុមហ៊ុនវិស័យអចលនទ្រព្យ។
អតីតកូនអ្នកលក់បន្លែនៅខេត្តព្រៃវែង លោក ផន វណ្ណិត ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ផ្តល់គោរមងារជា ឧកញ៉ា កាលពីថ្ងៃទី១ ខែ សីហា ឆ្នាំ២០២០កន្លងទៅនេះ។
គិតមកទល់បច្ចុប្បន្នលោកឧកញ៉ា ផន វណ្ណិត គឺជាអ្នកជំនួញអចលនទ្រព្យដ៍ជោគជ័យល្បីឈ្មោះ និងគ្រប់គ្រងតំបន់អចលនទ្រព្យសំខាន់ៗចំនួនផងដែរ។
២.លោកជំទាវឧកញ៉ា អ៊ាន សៀវមី
អ្នកលក់ផលិតផលតាមអនឡាញដ៏ល្បីឈ្មោះអ្នកនាង អ៊ាន សៀវមី និងតែងតែសកម្មនឹងការងារសប្បុរសធម៌ ការបរិច្ចាគថវិកាជួយកាកបាទក្រហមរាជធានីភ្នំពេញ ការបរិច្ចាគថវិកាជួយកាកបាទក្រហមសាខាខេត្តកណ្ដាល ការបរិច្ចាគថវិកាជួយដល់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ និងការបរិច្ចាគថវិកាជួយថវិកាជួយបំពាក់អំពូលភ្លើងពីផ្លូវវិហារសួគ៌ទៅខេត្តព្រៃវែង ក៏ដូចជាការកសាងផ្លូវមួយចំនួន ការបរិច្ចាគថវិកាជួយជនក្រីក្រជាដើម។
នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ អ្នកនាងត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ ផ្ដល់គោរមងារ ជា«ឧកញ៉ា» ជាហេតុធ្វើឲ្យអ្នកនាងក្លាយជាអ្នកលក់ផលិតផលតាមអនឡាញតែម្នាក់គត់ ដែលទទួលបានងារនេះ។
៣. លោកជំទាវឧកញ៉ា ស្រី ណារួម
អ្នកស្រី ស្រី ណារួម ហៅ ម៉ែរួយ ជាអគ្គនាយិកាក្រុមហ៊ុនគ្រឿងសម្អាង Rouy Infinity Co.,ltd ដែលតែងតែចំណាយថវិការផ្ទាល់ខ្លួន ដើម្បីជួយដល់សង្គមត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រិត្យ ប្រោសព្រះរាជទានគោរមងារជា ឧកញ៉ា កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០។
បើនិយាយជីវិតរបស់ម៉ែរួយ ធ្លាប់ជួបទុក្ខលំបាកវេទនា កាលពីអាយុ១៧ឆ្នាំ បានបោះបង់ចោលការសិក្សា ទៅស៊ីឈ្នួលគេនៅប្រទេសថៃ រយៈពេល៥ឆ្នាំ យកលុយមកចិញ្ចឹមគ្រួសារ និងជំពាក់បំណុលគេរាប់ម៉ឺនដុល្លារ៕