គម្រោងធ្វើផ្លូវរត់យន្តហោះ(Runway) វិនិយោគទឹកប្រាក់ចំនួន ៥៨លានដុល្លារអាមេរិក នឹងបង្កើនសមត្ថភាពហោះហើរត្រង់រយៈចម្ងាយឆ្ងាយទៅមកពីអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ។
អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ បានពង្រីកផ្លូវរត់បន្ថែមពី ២,៥០០ម៉ែត្រឱ្យដល់ ៣,៣០០ម៉ែត្របន្ថែម នឹងក្លាយជាផ្លូវយន្តហោះរត់វែងជាងក្នុងប្រទេសកម្ពជា។
រាជរដ្ឋាភិបាល ផ្ដល់សិទ្ធឲ្យក្រុមហ៊ុនវ៉ាងស៊ី របស់ប្រទេសបារាំង ជាអ្នកសាងសង់គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធផ្លូវរត់ក្នុងព្រលានយន្តហោះនេះ។ ក្រុមហ៊ុនវ៉ាងស៊ីសន្យាថា នឹងធ្វើឲ្យរួចរាល់ នៅក្នុងរង្វង់ឆ្នាំ២០២១ ឬដើមឆ្នាំ២០២២ ដូច្នេះយន្ដហោះធំៗ ដែលមកពីឆ្ងាយរាប់ទាំងយន្ដហោះ របស់ប្រធានាធិបតីអាមេរិកក៏អាចមកចុះចត នៅប្រទេសកម្ពុជាបានដែរ។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ព្រលានយន្ដហោះកងកេង ខេត្តព្រះសីហនុ គឺជាព្រលានយន្ដហោះ ដែលមានប្រវែងរត់វែងជាងគេ នៅក្នុងប្រទេសកម្ពុជា ហើយមកដល់ពេលនេះ កំពុងធ្វើបានកសាងផ្លូវរត់ ផ្លូវចុះចតសម្រាប់យន្ដហោះ។
លោក គួច ចំរើន បានឲ្យដឹងទៀតថា បើគ្មានការវាយប្រហារពីជំងឺកូវីដ-១៩នោះទេ សង្ឃឹមថា ផ្លូវរត់ព្រលានយន្ដហោះកងកេង នឹងអាចរួចរាល់ នៅក្នុងឆ្នាំ២០២២ ដែលជាការគាំទ្រ ដល់សំខាន់បន្ថែមទៀត សម្រាប់ការវិនិយោគ និងការអភិវឌ្ឍន៍ នៅក្នុងខេត្តព្រះសីហនុ។