សង្គមរីកចម្រើនទៅបាន ដោយមានធនធានមនុស្សខ្លាំង គឺជាធនធានដែលមានការអប់រំខ្ពស់ ការគិតវិភាគស៊ីជម្រៅ គំនិតច្នៃប្រឌិត។ ប្រជាពលរដ្ឋដែលមានផ្នត់គំនិតពឹងផ្អែកតែទៅលើសង្គម ឬរស់តែមួយរស់ៗ គឺសង្គមនោះពិតជាមិនអាចអភិវឌ្ឍន៍ទៅមុខបានឡើយ ពោលគឺសេដ្ឋកិច្ចធ្លាក់ដុនដាបជាក់ជាមិនខាន។
ការអភិវឌ្ឍសង្គមជាតិមួយឲ្យមានអ្វីៗគ្រប់យ៉ាងបាន គឺផ្តើមចេញពីយុវជន ដូច្នេះយុវជនជាចលនាឈាមដ៏សំខាន់ក្នុងការទ្រទ្រង់សេដ្ឋកិច្ច បើយុវជនមិនរឹងមាំ សេដ្ឋកិច្ចពិតជាគ្មានស្ថេរភាព។
យុវជនខ្មែរនាពេលបច្ចុប្បន្នកំពុងពុះកញ្ជ្រោលក្នុងភាពមានបាន។ ពោលគឺពួកគាត់មើលលើសង្គមសុីវីល័យ ហុឺហារសប្បាយ ដោយភ្លេចគិតពីខ្លួនឯង និងមានយុវជនមួយចំនួនផ្សេងទៀត ពួកគាត់កំពុងស្វះស្វែងរកការងារធ្វើដើម្បីទទ្រង់ជីវភាពគ្រួសារ។ ក្រុមហ៊ុនអាជីវកម្មជាច្រើនកន្លែង កំពុងត្រូវការកម្លាំងពលកម្ម ទន្ទឹមនឹងនោះក៍មានយុវជនមួយចំនួន ត្អូញត្អែរថាអត់ការងារធ្វើ ដោយពួកគាត់បានលើកឡើងថា មកពីអត់ខ្សែ គ្មានបក្សពួក យើងជាកូនអ្នកមកពីខេត្តជាដើម។
ប្រធានក្រុមប្រឹក្សាភិបាលសមាគមន៍អ្នកជំនាញវាយតម្លៃអចលនទ្រព្យកម្ពុជា លោកឧកញ៉ា ឃាង ពុទ្ធី បានមានប្រសាសន៍ថា “យុវជនពេលខ្លះរើសអើងការងារ ដោយពួកគាត់ ចង់តែធ្វើការងារធំៗពេក អត់បានគិតពីការងារដែលជាមូលដ្ឋានគ្រឹះ ដូច្នេះដើម្បីឈានទៅធ្វើការងារធំៗបាន គឺពួកគាត់ត្រូវមានតំណាក់កាល”។
លោកឧកញ៉ាបានបន្តថា ដូច្នេះយុវជនដែលកំពុងតែរៀនមហាវិទ្យាល័យ ពួកគាត់ផ្លាស់ប្ដូរផ្នត់គំនិត។ ពួកគាត់គួរតែរៀនធ្វើការក្រៅម៉ោង (Part time) ជាអ្នកឆុងកាហ្វេ ជាអ្នក Designer អ្នកលក់ Insurance និងជាជាងធ្វើទូរសព្ទក៏ដោយ លោកចង់លើកទឹកចិត្តពួកគាត់ឲ្យខំប្រឹងធ្វើការងារតូចតាចជាមុនសិន។
បើតាមលោកឧកញ៉ាថា ការងារ Part time ទីមួយចំណេញបានបទពិសោធន ទី២ ប្រាក់ខែដើម្បីដោះស្រាយជីវភាព ដូច្នេះទម្រាំដល់អាយុ ២៥ ២៦ ពួកគាត់អាចនឹងរឹងមាំបន្តិច ព្រោះបើគាត់អត់ធ្វើការងារតូចតាចយកបទពិសោធន៍ យកប្រាក់ខែទេ ដល់ពេលចាំតែការងារធំមកដល់ ជួនកាលការងារធំៗនឹងអត់មានទេ ហើយពេលសម្ភាសន៍ការងារគេតម្រូវយកអ្នកបទពិសោធន៍ជាអាទិភាព បើអត់បទពិសោធន៍ ចង់ធ្វើការធំយកតែម្តង គឺងាយប្រឈមនឹងហានិភ័យអត់ការងារធ្វើណាស់។
បើតាមឧកញ៉ា នាយកក្រុមហ៊ុនស្លឹកប្ញទ្ធរៀលធីរូបនេះ បានសង្កត់ធ្ងន់លើកម្មវិធីបណ្តុះបណ្តាលភាពជោគជ័យ និងវាគ្មិនមួយចំនួន ដែលបានបង្ហាត់បង្ហាញឲ្យផ្នត់គំនិតជោគជ័យដល់យុវជនឲ្យចេះតែធ្វើអ្វីធំៗ។
ឧកញ៉ា ពុទ្ធី បានថ្លែងថា ជួនកាលវាគ្មិនមួយចំនួនចេះតែឲ្យផ្នត់គំនិតក្មេង ចេះតែធ្វើអ្វីធំៗ ចេះតែនិយាយពីភាពជោគជ័យ ដូច្នេះធ្វើឲ្យយុវជនមានគំនិតមួយអត់ចង់ធ្វើការងារតូចតាច។
លោកឧកញ៉ា ឃាង ពុទ្ធី បានឲ្យដំបូន្មានថា ‘’បើខ្មាស់អៀន នឹងការងារតូចតាច ធ្វេីម្តេចនឹងអាចមានកំរ៉ៃ ដោះស្រាយជីវភាព ដើម្បីឈោងចាប់ការងារធំៗបាន“៕
រូបភាពផ្តល់សិទ្ធិដោយ៖ឧកញ៉ា ឃាង ពុទ្ធី