ការផ្ទុះសហគមន៍ ២០ កុម្ភៈ បានរាលដាលកាន់តែធ្ងន់ធ្ងរ ខណៈចំនួនអ្នកឆ្លងមានការកើនឡើងជារៀងរាល់ថ្ងៃ។ គិតត្រឹមព្រឹកថ្ងៃ ២៨ កុម្ភៈ ការឆ្លងក្នុងសហគមន៍ ២០ កុម្ភៈ កើនឡើងសរុបដល់ ៣០២ នាក់។
គិតត្រឹមម៉ោង១៤ និង៣០នាទី ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចបិទីតាំងចំនួន ២០កន្លែង និងទីតាំង០៦កន្លែងផ្សេងទៀតបានស្ម័គ្រចិត្តបិទដោយខ្លួនឯង ក្រោយរកឃើញថាមានអ្នកជំងឺកូវីដ-១៩ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភះ។
សូមបញ្ជាក់ថា ការផ្ទុះព្រឹត្តិការណ៍ ២០ កុម្ភៈ កំពុងឆ្លងរាលដាលដល់បណ្តាខេត្តនានា។ នៅខេត្តព្រះសីហនុ អាជ្ញាធរបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ បើមិនមានករណីចាំចាច់សូមកុំធ្វើដំណើរចល័តពីខេត្តព្រះសីហនុ ទៅរាជធានីភ្នំពេញ ឬតាមបណ្តាខេត្តផ្សេងទៀត ឬពីក្រុងស្រុកនានា ចូលមកក្រុងព្រះសីហនុ (ត្រូវស្នាក់នៅផ្ទះ ឬកន្លែងធ្វើ)។ ការអំពាវនាវនេះត្រូវបានធ្វើឡើង ខណៈគិតត្រឹមថ្ងៃទី២៧ ខែកុម្ភៈឆ្នាំ ២០២១ នេះ លទ្ធផលធ្វើតេស្តវត្ថុសំណាកលើជនបរទេស និងជនជាតិខ្មែរដែលពាក់ព័ន្ធព្រឹត្តិការណ៍ “សហគមន៍ ២០ កុម្ភ:” ក្នុងខេត្តព្រះសីហនុ មានវិជ្ជមានវីរុសកូវីដ-១៩ កើនឡើងដល់ចំនួន៣០នាក់។