ថវិកា ១០ ម៉ឺនដុល្លារ ត្រូវបានអ្នកឧកញ៉ាគិត ម៉េង ប្រគល់ជូនដល់មូលនិធិត្រីចក្រយានកម្ពុជា ដើម្បីគាំទ្រជីវភាពដល់បងប្អូន អ្នកប្រកបរបរធាក់ស៊ីក្លូ ក្នុងរាជធានីភ្នំពេញ។
ថវិកា ១០ ម៉ឺនដុល្លានេះ ត្រូវបានអ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុនរ៉យ៉ាល់គ្រុប និងជាប្រធានសភាពាណិជ្ជកម្មរាជធានីភ្នំពេញ ប្រគល់ជូនលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិត្រីចក្រយានកម្ពុជា (ស៊ីក្លូ) តំណាងសម្តេចតេជោនាព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១នេះ។
បើតាមលោក ម៉េត មាស ភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ និងជាប្រធានលេខាធិការដ្ឋានមូលនិធិត្រីចក្រយានកម្ពុជា មូលនិធិនេះត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១៨ ក្រោមការផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន។
មូលនិធិត្រីចក្រយានកម្ពុជាតែងបានផ្តល់ជូនថវិកាទ្រទ្រង់ដល់បងប្អូនអ្នកប្រកបរបរធាក់ស៊ីក្លូទាំង៣០០នាក់ក្នុងរាជធានីភ្នំពេញ។
ក្នុងមួយឆ្នាំមូលនិធិត្រីចក្រយានអាចនឹងត្រូវចំណាយក្នុងរង្វង់ ២៤-៣០ម៉ឺនដុល្លារអាមេរិកក្នុងមួយឆ្នាំ។ តាមរយៈមូលនិធិតនេះ តែងតែចូលរួមគាំទ្របងប្អូនអ្នកប្រកបរបរធាក់ស៊ីក្លូដូចជាការផ្តល់ជាឯកសណ្ឋានអ្នកធាក់ស៊ីក្លូ និងប័ណ្ណ ប.ស.ស ដើម្បីឲ្យបងប្អូនទៅព្យាបាលជំងឺដោយមិនអស់ប្រាក់៕