បញ្ជាការដ្ឋានអង្គរក្ស បានចេញមកច្រានចោលទាំងស្រុង ចំពោះការចោទប្រកាន់ថា ឈ្មោះ អ៉ឹម សុវណ្ណារិទ្ធ ដែលជាជនល្មើសក្នុងហេតុការណ៍ប្លន់ចាប់ជំរិត នៅបុរីអង្គរភ្នំពេញ ជាមន្ដ្រីរបស់បញ្ជាការដ្ឋានអង្គរក្ស។ នេះបើយោងតាមលិខិតបដិសេធរបស់បញ្ជាការដ្ឋានអង្គរក្សនៅយប់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១នេះ ចុះហត្ថលេខាដោយឧត្តមសេនីយ៍ឯក អ៊ុង សិរីគុត្ត។
លិខិតបដិសេធរបស់ស្នងការដ្ឋានបុគ្គល-បណ្ដុះបណ្ដាល នៃបញ្ជាការដ្ឋានអង្គរក្ស បានអះអាងថា ឈ្មោះ អ៉ឹម សុវណ្ណារិទ្ធ មិនមានឈ្មោះ និងក្របខណ្ឌក្នុងបញ្ជាការដ្ឋានអង្គរក្សនោះឡើយ ហើយប័ណ្ណសម្គាល់ខ្លួនដែលបានចែកចាយនោះ ជាប័ណ្ណសម្គាល់ខ្លួនក្លែងក្លាយ មិនមែនប័ណ្ណដែលចេញដោយបញ្ជាការដ្ឋានអង្គរក្សនោះទេ។
នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការដ្ឋាន អង្គរក្ស បានបដិសេធនិងច្រានចោលចំពោះព័ត៌មានដែលបានផ្សព្វផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុកថា ជនល្មើសដែលកងកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បាញ់សម្លាប់នៅក្នុងប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ឋជនជម្រិតទារប្រាក់ ១លានដុល្លារ ពីជនរងគ្រោះនៅក្នុងភូមិគ្រឹះ ក្នុងបុរីអង្គរភ្នំពេញ ក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ គឺជាមន្ត្រីនៅបញ្ជាការដ្ឋានអង្គរក្ស គឺមិនមែនជាការពិតនោះទេ និងមិនមានឈ្មោះនៅក្នុងបញ្ជីអង្គរក្សទេ។
ការបដិសេធនេះ បានធ្វើឡើងបន្ទាប់ពីបណ្តាញសង្គមហ្វេសប៊ុកបានបង្ហោះរូបភាពបុរសម្នាក់ស្លៀកឯកសណ្ឋានពាក់ប៉ារ៉ា និងកាតសម្គាល់ខ្លួន ដោយបានភ្ជាប់រូបភាពជនល្មើសម្នាក់ដែលកងរាជអាវុធហត្ថបាញ់សម្លាប់។
សូមបញ្ជាក់ថា កាលពីវេលាម៉ោងប្រមាណា ១១ព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ឋជនជម្រិតទារ ប្រាក់ ១លានដុល្លារ ពីជនរងគ្រោះនៅក្នុងបុរីអង្គរភ្នំពេញ ក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕