ឧកញ៉ា ចិត្រ សេរីសុភ័ក្ត្រ បង្ហើបពីអាជីវកម្ម ៦ប្រភេទអាចជួយឱ្យក្លាយជាអ្នកមានបានក្នុងឆ្នាំ២០២១

ជុំវិញ​ឧកញ៉ា

នៅក្នុងពិភពលោកនេះ មានអាជីវកម្មជាច្រើនប្រភេទសឹងរាប់មិនអស់ ដែលកំពុងដំណើរការ។ គ្រប់អាជីវកម្មទាំងអស់សុទ្ធតែបង្កប់នូវហានិភ័យនៅពីក្រោយ ប៉ុន្តែបើសិនជាម្ចាស់អាជីវកម្ម ឬសហគ្រិននោះ មានភាពវ័យឆ្លាត ចេះស្វែងយល់ពេលកត្តាប្រឈមបានច្បាស់លាស់ មានចំណេះដឹងទូលំទូលាយ និងការគ្រប់គ្រងបានល្អប្រសើរ ទោះជាស្ថិតក្នុងបរិបទណាក៏ដោយ ក៏អាជីវកម្មក្នុងដៃពួកគាត់មិនងាយដួលរលំដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពាក់ព័ន្ធនឹងប្រធានបទខាងលើនេះដែរ លោកឧកញ៉ា ចិត្រ សេរីសុភ័ក្ត្រ អគ្គនាយកក្រុមហ៊ុន Luxury Smile Cambodia Co.,Ltd ដែលត្រូវបានគេស្គាល់ថា ជាអ្នកជំនួញវ័យក្មេង និងមានឥទ្ធិពលមួយរូប បានចេញមកចែករំលែកនូវគន្លឹះចាប់យកអាជីវកម្មសំខាន់ៗចំនួន ៦ប្រភេទ ដែលកំពុងត្រូវប៉ាន់ក្នុងទីផ្សារ និងបរិបទក៏ដូចជាស្ថានភាពសេដ្ឋកិច្ចប្រទេសកម្ពុជាយើងសព្វថ្ងៃនេះ។ អាជីវកម្មចម្បងទាំង៦ នោះរួមមានដូចជា៖

១. វិស័យអចលនទ្រព្យ

២. អាជីវកម្មគ្រឿងសម្អាង

៣. បើកកន្លែងកម្សាន្ត ដូចជារមណីយដ្ឋាន រីសត និងសេវាកម្មកម្សាន្តផ្សេងៗទៀត

៤. សេវាកម្មដឹកជញ្ជូន

៥. ម្ហូបអាហារ និងភេសជ្ជៈ

៦. វិស័យបច្ចេកវិទ្យា

យ៉ាងណាមិញ លោកឧកញ៉ាអគ្គនាយក ក្រុមហ៊ុនផ្នែកគ្រឿងសម្អាងថែរក្សាសម្ភស្ស និងកំពុងក្ដោបក្ដាប់ប្រភេទអាជីវកម្មជាច្រើនប្រភេទក្នុងដៃរូបនេះ ក៏បានសង្កត់ធ្ងន់ដែរថា៖ ត្បិតថា អាជីវកម្មទាំង ៦ប្រភេទខាងលើសមស្របនឹងបច្ចុប្បន្នភាព ក៏ពិតមែន ប៉ុន្តែអ្នកចង់ប្រឡូកក្នុងវិស័យទាំងអស់នេះ តោងស្វែងយល់ឱ្យល្អិតល្អន់សិន មុនសម្រេចចិត្តចាប់ផ្ដើម។ ការលើកឡើងដូច្នេះ ដោយលោកមើលឃើញថា អាជីវកម្មខ្លះ សហគ្រិនគាត់ឃើញគេបើកដំណើរការល្អ លក់ដាច់ មានអតិថិជនគាំទ្រច្រើន តែពេលសាកល្បងខ្លួនឯងផ្ទាល់ បែរជាប្រឈមហានិភ័យ និងក្ស័យធុនជាដើម។

លោកឧកញ៉ាសង្ហារូបនេះ ក៏បានលើកឧទាហរណ៍ចំៗថា៖ ដូចជាប្រភេទអាជីវកម្មបើកហាងកាហ្វេអុីចឹង! មិនមែនងាយស្រួលដូចយើង ឮគេនិយាយតៗគ្នាថា ជាប្រភេទមុខរបរចាក់ទឹកយកលុយនោះទេ។ បើមិនមានការសិក្សាគ្រប់ជ្រុងជ្រោយ សិក្សាពីកត្តាប្រឈម សិក្សាពីដៃគូរប្រកួតប្រជែង សិក្សាពីចំណង់ចំណូលចិត្តអតិថិជន ច្បាស់ជាប្រឈមនឹងហានិភ័យបិទអាជីវកម្មវិញក្នុងរយៈពេលណាមួយជាក់ជាមិនខាន៕