មហាសេដ្ឋីពហុវិស័យ និងជា អាយដុល របស់ប្រជាជនខ្មែរអ្នកស្រឡាញ់ភាពជាសហគ្រិន អ្នកឧកញ៉ា គិត ម៉េង បានថ្លែងឲ្យដឹងថា ការរីករាលដាលជំងឺកូវីដ-១៩ បានផ្ដល់ឲ្យយើងទាំងបញ្ហាប្រឈម និងឱកាសផ្សេងៗជាច្រើន។ ប៉ុន្តែ ការប្រព្រឹត្តអំពើល្អរបស់យើងអាចជួយរំលែកទុក្ខលំបាកទាំងនេះបាន។
បើតាមអ្នកឧកញ៉ា ការឆ្លើយតបយ៉ាងឆាប់រហ័ស និងវិធានការដ៏តឹងរ៉ឹង និងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលចំពោះការរាតត្បាតនៃជំងឺកូវីដ-១៩ គឺជាអំពើដ៏ល្អមួយ។ លោកថា ការយកចិត្តទុកដាក់យ៉ាងអស់ពីចិត្តរបស់ក្រុមគ្រូពេទ្យក្នុងការជួយទប់ស្កាត់ការរីករាលដាល ក៏ដូចជាការផ្ដល់ជំនួយក្នុងស្រុកនិងអន្តរជាតិ និងការចូលរួមអនុវត្តវិធានការការពារសុខភាពនិងសុវត្ថិភាពរបស់សហគ្រាសឯកជននានា ព្រមទាំងការជួយគ្នាទៅវិញទៅមករបស់បងប្អូនប្រជាពលរដ្ឋ ក្រោមរូបភាពជាការគាំទ្រផ្នែកស្មារតីនិងហិរញ្ញវត្ថុ គឺសុទ្ធតែជាសម្មានចិត្តដ៏ប្រពៃ ដែលរួមចំណែកយ៉ាងខ្លាំងដល់ការគ្រប់គ្រងជំងឺរាតត្បាតនេះប្រកបដោយប្រសិទ្ធភាព។
អ្នកឧកញ៉ាបានបញ្ជាក់ថា អ្នកដែលបានពាក់ម៉ាស់ការពារ អនុវត្តការលាងសម្អាតដៃ រក្សាចម្ងាយពីគ្នា និងអនុវត្តការរស់នៅដាច់ដោយឡែក តាមវិធានការដែលបានកំណត់ គឺចាត់ទុកជាអំពើល្អមួយក្នុងការការពារអ្នកនៅជុំវិញខ្លួន។ សូមយើងបន្តធ្វើអំពើល្អចំពោះគ្នាទៅវិញទៅមកនិងសូមជូនពរឲ្យអ្នកទាំងអស់គ្នាទទួលបានសុខសុវត្ថិភាព។
គួរជម្រាបផងថា ការរកឃើញនៅថ្ងៃនេះ មានករណីវិជ្ជមានកូវីដ១៩ ច្រើននៅខេត្តក្រុងចំនួនបី គឺរាជធានីភ្នំពេញ រកឃើញ១៥ករណី លើបុរសស្ត្រីខ្មែរ និងចិន ខេត្តកណ្តាល ១ករណី លើបុរសជនជាតិឥណ្ឌូនេស៊ីនៅស្រុកកោះធំ ខេត្តព្រះសីហនុ៥ករណី និងខេត្តកោះកុង ២ករណី នៅលើបុរសជនជាតចិនម្នាក់និងសិង្ហបុរីម្នាក់។
គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី៥ខែមីនានេះករណីឆ្លងនៅកម្ពុជាបានកើនឡើងដល់ជិត១ពាន់នាក់ ដែលមានអ្នកជាសះស្បើយជិត៥រយនាក់និងអ្នកកំពុងសម្រាកព្យាបាលចំនួន៤៤២នាក់ខណៈករណីឆ្លងថ្មី២៣នាក់៕