ពិធីករទូរទស្សន៍ហង្សមាស អ្នកនាង កែវ ច័ន្ទនិមល ប្តី និងកូនស្រីរបស់គាត់អាយុ ១០ឆ្នាំ បានធ្វើតេស្តរកកូវីដ១៩ កាលពីថ្ងៃមិញនេះ គឺលទ្ធផលចេញមកមានកូវីដ១៩ ទាំងគ្រួសារ ដែលមានសមាជិកចំនួន ៣នាក់។
សេចក្តីរាយការណ៍ឲ្យបានដឹងថា គាត់បានឆ្លងកូវីដ១៩ ពីអ្នកដឹកនាំថតស្ពត ឈ្មោះទីតូ ព្រោះកាលអំឡុងថ្ងៃទី ២៧-២៨ ខែកុម្ភៈ ឆ្នាំ២០២១ គាត់បានទៅថតវីដីអូ ដើម្បីចូលរួមផ្សព្វផ្សាយអំពីការពារកូវីដ១៩ ហើយម្សិលមិញទើបគាត់ទទួលដំណឹងថា អ្នកដឹកនាំថតស្ពត ឈ្មោះទីតូ មានវិជ្ជមានកូវីដ១៩ (ឈ្មោះទីតូ ធ្លាប់ជួបជុំផឹកជាមួយប៉ូលីសចរាចរណ៍) ។ រហូតមកដល់ពេលនេះ កំពូលតារាល្បីៗ ជាពិសេសនៅហង្សមាស អាចមានជាប់ពាក់ព័ន្ធជាមួយឈ្មោះទីតូ ច្រើននាក់ ដូចជា ឱក សុគន្ធកញ្ញា ក៏មានអាការៈក្តៅខ្លួន និងកំពុងស្ថិតក្នុងការតាមដាន សុគន្ធ និសា មាសអាការៈផ្តាសាយ តែមិនក្តៅខ្លួនទេ និងមានតារាផ្សេងៗទៀត កំពុងទៅធ្វើតេស្តរកកូវីដ១៩។
ដោយឡែកអ្នកនាង កែវ ច័ន្ទនិមល និងគ្រួសារ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅអតីតសណ្ឋាគារអាំងទែរកុងទីណង់តាល់ (The Great Duke) និងត្រូវបានអនុញ្ញាតឱ្យស្នាក់នៅរួមក្នុង ១ បន្ទប់ ជុំប្តី និងកូន។
សារសម្លេងរបស់ លោកជំទាវ យក់ សម្បតិ្ត រដ្ឋលេខាធិការក្រសួងសុខាភិបាល តាមបណ្តាញតេឡេក្រាម ដែលគេហទំព័រឧកញ៉ាញូស៍ ទទួលបានមុននេះ ឲ្យដឹងថា ប្អូនរបស់អគ្គនាយកហង្សមាស និងក្រុមគ្រួសារ មានចេញរោគសញ្ញា ឆ្លងកូវីដ១៩ ព្រមទាំងអ្នកចម្រៀងហង្សមាសច្រើននាក់ ដូចជា ណុប បញ្ញារិទ្ធ ក៏ឆ្លងដែរ។
លោកជំទាវ បានបញ្ជាក់យ៉ាងដូច្នេះថា ខាងក្រុមគ្រូពេទ្យ បានចុះទៅយកប្អូនរបស់អគ្គនាយកហង្សមាស និងក្រុមគ្រួសារ ដែលមានចេញរោគសញ្ញាកូវីដ រួមទាំងលោក ណុប បញ្ញារិទ្ធ យកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យហើយ នៅយប់ថ្ងៃទី៨មីនានេះ៕