កើតនៅក្រុងសៀមរាប និងមានឈាមជ័រជាកូនចៅចិន ហើយជាកូនពៅក្នុងចំណោមបងប្អូន៤ នាក់ ដែលមានឪពុកម្ដាយប្រកបរបរធ្វើស្រែចម្ការ និងក្រោយមកជាអ្នកលក់ដូ។ លោកស្រី ឆាយ ស៊ីវលីន បានរៀនចប់មធ្យមសិក្សានៅឆ្នាំ១៩៩១ និងបានចូលបម្រើការងារជាមគ្គុទ្ទេសក៍ទេសចរ ក្រោមការគ្រប់គ្រងរបស់មន្ទីរទេសចរណ៍ខេត្តសៀមរាប ដោយទទួលបានប្រាក់ខែប្រមាណ ៣០ ដុល្លារប៉ុណ្ណោះក្នុងមួយខែ។ ការចូលបម្រើការងារជាមគ្គុទ្ទេសក៍ទេសចរ ដោយសារលោកស្រីបានរៀន និងមានសមត្ថភាពប្រើប្រាស់ភាសាអង់គ្លេស និងភាសាបារាំងបានល្អ។
វិស័យទេសចរណ៍ ជាវិស័យស្នួលមួយជួយជ្រោងសេដ្ឋកិច្ចជាតិ ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា CATA លោកស្រី ឆាយ ស៊ីវលីន បានចូលរួមចំណែកយ៉ាងខ្លាំងក្លារុញឱ្យវិស័យនេះកាន់តែមានវឌ្ឍនភាព និងការរីកលូតលាស់ទៅមុខ។
លោកស្រី បានបញ្ចប់ការសិក្សាក្នុងឆ្នាំ១៩៩៨ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង លើមុខជំនាញគ្រប់គ្រងពាណិជ្ជកម្ម ប៉ុន្តែក្រោយ ការងាររបស់លោកស្រីនៅតែ ទាក់ទងនឹងវិស័យទេសចរណ៍ដដែល។ លោកស្រីបានចូលបម្រើការងារនៅក្រុមហ៊ុនទេសចរមួយជាអ្នករៀបចំខ្សែទស្សនកិច្ច និងអ្នកលក់សំបុត្រយន្តហោះនៅរាជធានីភ្នំពេញ។
លោកស្រីទទួលបានបទពិសោធន៍ជាច្រើនក្នុងនាមជាអ្នកគ្រប់គ្រង ខណៈចូលបម្រើការងារនៅក្រុមហ៊ុនខាងលើបានប្រមាណ ៤ឆ្នាំ។ បន្ទាប់ពីការខិតខំប្រឹងប្រែង និងទទួលបាននូវបទពិសោធន៍ជាច្រើនមកនោះនៅឆ្នាំ២០០២ លោកស្រីបានសម្រេចក្តីស្រមៃ ដោយបង្កើតក្រុមហ៊ុន CSL Travel and Tour ខណៈដំណើរការក្រុមហ៊ុនដំបូងចំណាយទុនប្រមាណ ៨ពាន់ដុល្លារ។
បន្ទាប់ពីដំណើរការក្រុមហ៊ុនទេសចរ មានការរីកចម្រើនទៅមុខ លោកស្រីចាប់ផ្ដើមសម្លឹង បោះទុនវិនិយោគផ្នែកសណ្ឋាគារបន្ថែមទៀត ខណៈពេលនោះមានមិត្តភ័ក្ដិម្នាក់ចង់លក់សណ្ឋាគារឱ្យ ដោយសារមានការលំបាកក្នុងការគ្រប់គ្រង និងត្រូវឡើងចុះភ្នំពេញ-សៀមរាប។ អំឡុងឆ្នាំ ២០០៧ លោកស្រីបានទិញយកសណ្ឋាគារលំដាប់ផ្កាយ៤ ដែលមានឈ្មោះថា Kingdom Angkor ដែលបានដំណើរការស្រាប់។ ប្រភពថវិកាបោះទុនសណ្ឋាគារបានមកពីការសន្សំ និងកម្ចីពីធនាគារ។លោកស្រីក៏បានចាប់ផ្តើមវិនិយោគផ្នែក ប៊ូទីក រឺស៊ត លំដាប់ផ្កាយ៤កន្លះ ដែលមានឈ្មោះថា លីនណាយា។
អតីតជាមគ្គុទ្ទេសក៍ទេសចរ នៅដើមទសវត្សឆ្នាំ១៩៩០ បានក្លាយជាថៅកែក្រុមហ៊ុន និងសណ្ឋាគារ ពិសេសជាមេដឹកនាំមួយរូប ដែលតំណាងឱ្យក្រុមហ៊ុន និងទីភ្នាក់ងារទេសចរខ្ទង់រយក្រុមហ៊ុន។
ជាចុងក្រោយលោកស្រីឱ្យតំបូន្មានថា មានកត្តាបី ដែលជំរុញឱ្យលោកស្រីទទួលបានជោគជ័យគឺ កត្តាគ្រួសារ មហិច្ឆតា និងការប្រឈមទៅនឹងការលំបាកនានា៕