ជំទាវ ឧកញ៉ា ហាក់ ណៃ ៖ផ្ដើមពីរបរជាអ្នកលក់ចាប់ហួយតូចតាច រហូតក្លាយជាជំទាវឧកញ៉ា

ជុំវិញ​ឧកញ៉ា

ដោយផ្ដើមពីមុខរបរលក់ចាប់ហួយតជំនាន់ពីឪពុកម្ដាយ និងបានប្រឹងជម្នះលើភាពក្រីក្របានធ្វើឲ្យស្រីមេម៉ាយម្នាក់នេះ ដើរតួនាទីពីរក្នុងពេលដំណាលគ្នា ពោលគឺជា ម្ដាយផងនិង ជាឪពុកផង ។ ការប្រឹងប្រែងឥតរាថយនេះហើយបានញុំងជីវិតរបស់អ្នកមេម៉ាយរូបនេះឲ្យក្លាយទៅជាអ្នកមានទ្រព្យស្ដុកស្ដម្ភមួយរូបនិងមានមុខមាត់គួរគោរពនៅក្នុងសង្គម ដូចជាព្រះចន្ទផុតចាកពពកខ្មៅដូច្នោះដែរ ។ ផលានិសង្សនៃការជួយសង្គម និងជួយលើកកម្តើងដល់ព្រះពុទ្ធសាសនា បានជំរុញឲ្យលោកស្រីបានទទួលងារដ៏គាប់ប្រសើរ ជាជំទាវឧកញ៉ាថែមទៀតផង ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

១/ ស្ថានភាពគ្រួសារ

លោកជំទាវ ឧកញ៉ា ហាក់ ណៃ កើតនៅឆ្នាំ១៩៥៣ ស្ថិត ឃុំ ទួលព្រះឃ្លាំង ស្រុក ស្ទឹងត្រង់ ខេត្ត កំពង់ចាម គឺជាកូនច្បង ក្នុងចំណោមបងប្អូន៨នាក់ ប្រុស២ ស្រី៦ ដែលមានឪពុកម្ដាយជាអ្នកលក់ចាប់ហួយ។

២ / ការសិក្សា

កមារី ហាក់ ណៃ មិនបានសិក្សាច្រើនឡើយ ពោលគឺបានសិក្សាត្រឹមថ្នាក់ទី៧ សម័យដើម ក្នុងសាលាបឋមសិក្សាមួយ ក្នុងស្រុកកំណើត។

៣ / របបប៉ុលពត

ក្នុងរបបខ្មែរក្រហម អ្នកស្រី ហាក់ ណៃ និង ក្រុមគ្រួសារ ត្រូវបានខ្មែរក្រហមបង្ខំធ្វើការងារ មិនខុសពី ពលរដ្ឋទូទៅផ្សេងទៀតឡើយ។ កាលណោះអ្នកស្រីមានវ័យ១៩ឆ្នាំ ដែលជាវ័យមួយ ត្រូវបានអង្គការបង្ខំឲ្យរៀបការមានគូស្រករ តាមការរៀបចំដោយអង្គការ។ ប៉ុលពត បានរៀបការឲ្យអ្នកស្រី ជាមួយ បុរសម្នាក់ឈ្មោះ ហ៊ុន ដោយទទួលបានកូន២នាក់។ អ្នកស្រីត្រូវបានខ្មែរក្រហម បង្ខំឲ្យធ្វើការទាំងសរសៃខ្ចី ហើយចុងក្រោយ ទាំងប្ដី ទាំងកូន ទាំង ឪពុក និង សាច់ញាតិជាច្រើនទៀតត្រូវបាន ព៉ុលពត សម្លាប់ចោលនាសម័យ យ៉ាងខ្លោចផ្សាបំផុត។

៤ /ក្រោយពីរបបប៉ុលពតបានបញ្ចប់ និង ការតស៊ូ លើវិថីជីវិតជាស្រីមេម៉ាយ

\បន្ទាប់បែកពីរបបប៉ុលពត អ្នកស្រី បានត្រឡប់មករស់នៅស្រុកកំណើតវិញ ដោយប្រកបបបរជាអ្នកលក់ចាប់ហួយ ធ្វើស្រែ និង ជួលដីគេ ធ្វើចម្ការ។ អ្នកស្រីថា ទោះបីជារំដោះពីរបបខ្មែរក្រហមហើយក្ដី ប៉ុន្តែភ្លាម មិនទាន់អស់ខ្មែរក្រហមឡើយ គឺនៅឆ្មក់មកធ្វើបាបអ្នកភូមិម្ដងៗ គ្រាដែលអ្នកស្រី លក់ចាប់ហួយនោះ គ្រាន់តែ ខ្មែរក្រហម ចូលមកប្លន់ផ្ទះអ្នកស្រី រហូតដល់ទៅ៦ដងឯណោះ។

ដោយសារអសន្តិសុខខ្លាំងពេក នៅឆ្នាំ១៩៩០ អ្នកស្រីបានលើកឡើងថា មករស់នៅភ្នំពេញជាមួយម្ដាយ នៅផ្សារអូឬស្សី ។ ទំនេរប្រហែល១ឆ្នាំ អ្នកស្រីបានសម្រេចចិត្តសាកល្បងរកស៊ីលក់មាស ប៉ុន្តែដោយសារតែមានដើមទុនតិចពេក ប្រកបរបរលក់មាសនេះ បានត្រឹមតែមួយរយៈពេលខ្លីក៏សម្រេចចិត្តឈប់វិញ ងាកមកបើករបរកស៊ីធ្វើជា ជាងកាត់ខោអាវ និង លក់ក្រណាត់ប៉ាក់ ហូលផាមួង រហូតមកដល់បច្ចុប្បន្ននេះ។

ទន្ទឹមនឹងគ្នានេះដែរ អ្នកស្រីក៏បានទិញដី បានជាច្រើនកន្លែងទុក គួបផ្សំទីផ្សារអចលនទ្រព្យនាពេលបច្ចុប្បន្នកាន់តែឡើងថ្លៃយ៉ាងគំហុក បានធ្វើឲ្យអ្នកស្រី អាចមានទ្រព្យសម្បត្តិសមល្មមអាចរស់នៅបានយ៉ាងស្រួល ។

៥ / កិច្ចការមនុស្សធម៌ និង ការទទួលងារជា ជំទាវឧកញ៉ា

អ្នកស្រី ហាក់ ណៃ ចាប់ទាំងពីស្វាមីនិងកូនៗរបស់អ្នកស្រី ត្រូវបានប៉ុលពតសម្លាប់មក ស្ត្រីមេម៉ាយរូបនេះ មិនបានយកស្វាមីទៀតឡើយ។ ទោះបីជាអ្នកស្រី ជា ស្ត្រីមេម៉ាយ មិនមានកូនក្ដី ប៉ុន្តែអ្នកស្រី បានជួយចិញ្ចឹមក្មួយបង្កើតបាន មិនក្រោម១០នាក់ឡើយ ហើយភាគច្រើន បានបញ្ជូនទៅរៀននៅក្រៅប្រទេសរហូតដល់ចប់មហាវិទ្យាល័យ គ្រប់ៗគ្នា។ ទទឹមគ្នានោះដែរ ក្មេងៗក្រីក្រជាច្រើន អ្នកស្រីបាន យកបង្ហាត់បង្រៀនឲ្យចេះនៅជំនាញ កាត់សំលៀកបំពាក់ ជាច្រើននាក់ថែមទៀតផង។

ចំពោះផ្នែកព្រះពុទ្ធសាសនាវិញ អ្នកស្រី បានជួយទម្រុកបម្រុងដល់វិស័យព្រះពុទ្ធសាសនាជាច្រើន ដូចជាជួយកសាងវត្តអារាម ជួយបោះពុម្ពសៀវភៅធម៌ដើម្បីចែកចាយចំណេះដឹងទំាងពុទ្ធចក្រ និងអាណាចក្រ រួមទំាងជួយផ្ដល់អាហារូបករណ៍ដល់ ព្រះសង្ឃជាច្រើនអង្គថែមទៀត ក្នុងគោលបំណងដើម្បីរួមចំណែកលើកកម្ពស់សីលធម៌សង្គម សាសនា ហើយក៏ជាវិភាគទានដ៏ថ្លៃថ្លាមិនអាចកាត់ថ្លែបានរបស់លោកស្រីដែលបានលះបង់ទំាងកម្លំាងកាយចិត្ត រួមទំាងទ្រព្យធនដើម្បីធ្វើយ៉ាងណាឲ្យការអប់រំប្រព្រឹត្តិទៅបានល្អជាឧត្តមប្រយោជន៍ដល់់សង្គមជាតិ ក៏ដូចជាអនុជនជំនាន់ក្រោយផងដែរ។

ដោយសារតែអ្នកស្រី ហាក់ ណៃ បានជួយលើកកម្ពស់កិច្ចការសង្គម និងសាសនាជាបែបនេះហើយ លុះមកដល់ឆ្នាំ២០១៨ កន្លងទៅនេះ អ្នកស្រី ត្រូវបានព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជាសព្វព្រះរាជហរទ័យ ឡាយព្រះហស្តលេខា តែងតំាងលោកស្រីឡើងងារជា ជំទាវ ឧកញ៉ា។

៦/ បំណងទៅថ្ងៃ អនាគត

បំណងទៅថ្ងៃអនាគត លោកជំទាវឧកញ៉ា ហាក់ ណៃ មានបំណងចង់បង្កើតភូមិ និង ធ្វើផ្ទះ សម្រាប់ ជនក្រីក្រ១កន្លែងនៅ ឃុំ ទួលព្រះឃ្លាំង ស្រុក ស្ទឹងត្រង់ ខេត្ត កំពង់ចាម ដែលជាស្រុកកំណើត របស់លោកជំទាវ បច្ចុប្បន្នលោកជំទាវបានទិញដីនៅទីនោះចំនួន៥ហិកតាហើយ ប៉ុន្តែកាលកំណត់ថា ភូមិសប្បុរសធម៌នោះ និងលេចចេញជារូបរាងឡើងនៅពេលណា មិនទាន់កំណត់នៅឡើយទេ ប៉ុន្តែលោកជំទាវឧកញ៉ា បានសច្ចាធិដ្ឋានក្នុងចិត្តដ៏សប្បុរសថា នឹងធ្វើកិច្ចការឲ្យបានទទួលជោគជ័យនាពេលអនាគត ព្រោះថា លោកជំទាវមានមេត្តាធម៌ដ៏ជ្រាលជ្រៅជាពិសេសជនកំសត់ទុរគ៌ត ព្រោះថា លោកជំទាវធ្លាប់មានប្រវត្តិកំសត់ជូរចត់ ឆ្លងកាត់របបមួយទៅរបបមួយ ដូច្នេះលោកជំទាវបានមើលឃើញច្បាស់អំពីភាពសោកសៅនេះ ហើយបានបំឡែងវាឲ្យទៅជាគុណធម៌ជួយដល់់សង្គមជាតិ និងសាសនា ប្រៀបដូចជាផ្ទៃមេឃគ្របដណ្តប់នូវផែនដីដូច្នោះដែរ៕





































អត្ថបទ៖ កូនចៅឧកញ៉ា