ព្រាប សុវត្ថិ និង តន់ ច័ន្ទសីម៉ា ដែលបានជក់ខ្យល់ចេញបទសប្បាយៗសម្រាប់រាំលេងចូលឆ្នាំខ្មែរ១ប្រាវនោះ ឥឡូវនេះ បានងាកមកចេញបទថ្មីមួយបទថ្ងៃនេះ បង្កប់រឿង Sad ក្នុងចិត្តរួមគ្នាវិញម្ដង។
បទចម្រៀងមានចំណងជើងថា “មនុស្សស្រីចាំតែខុស មនុស្សប្រុសមានកំហុសពេលមួម៉ៅ” ជាប្រភេទបទមនោសញ្ចេតស្នេហារបស់គូស្នេហ៍១គូ។ នេះជារសជាតិថ្មីបំផុតមួយ ដែលប្រិយមិត្តខានបានជួបមួយរយៈធំមកហើយ។
ចំណុចគួរចាប់អារម្មណ៍ ខ្លឹមសារនៃបទចម្រៀង គឺឆ្លុះបង្ហាញបញ្ហានានាដែលកើតឡើងក្នុងទំនាក់ទំនងរវាងមនុស្សប្រុស ស្រី ២នាក់ ដែលម្នាក់ៗមានការលំបាក និងបញ្ហារៀងខ្លួន តែពួកគេមិនអាចរកពេល ឬវិធីពន្យល់គ្នាទៅវិញទៅមកបាន រហូតធ្វើឲ្យបញ្ហាកាន់តែរីកធំទៅៗ រកអ្នកខុស រកអ្នកត្រូវមិនឃើញ។
ទំនាក់ទំនងណាមួយដែលមានកើតបញ្ហានេះ គឺម្នាក់ៗ រមែងរង់ចាំភាគីម្ខាងទៀតយល់ចិត្តរៀងៗខ្លួន តែពួកគេគ្មានវាសនាបានជួបរឿងនោះដូចគ្នា។ ដូច្នេះហើយ ទីបំផុត ពួកគេក៏អាចឈានដល់ទីបំបែកថែមទៀត ក្នុងពេលដែលបញ្ហាពិតកើតនៅចំណុចកណ្ដាលរវាងពួកគេ មិនត្រូវបានរកឃើញ ឬយកមកនិយាយ។
ម្នាក់ៗសុទ្ធតែត្រូវរៀងខ្លួន ចុះនរណាអ្នកខុស? Sad ណាស់! តោះ…ស្ដាប់ទាំងអស់គ្នា!