ស្ថិតនៅចំកណ្តាលតំបន់ប៉ូលសេដ្ឋកិច្ចពីរគឺទីក្រុងភ្នំពេញ និងខេត្តព្រះសីហនុ តាមផ្លូវជាតិលេខ ៣ និងលេខ ៤ ខេត្តកំពង់ស្ពឺជាខេត្តមួយ ប្រៀបបានដូចកូនក្រមុំ ដែលកំពុងទាក់ទាញ អ្នកវិនិយោគជាច្រើនលើវិស័យឧស្សាហកម្ម។
ឯកឧត្តម វុី សំណាង អភិបាលខេត្តកំពង់ស្ពឺបានថ្លែងថា ខេត្តកំពង់ស្ពឺ ជាខេត្តមួយកំពុងមានភាពទាក់ទាញអ្នកវិនិយោគ លើវិស័យឧស្សាហកម្ម បច្ចប្បន្នមានរោងចក្រជាង ២០០រោងចក្រ កំពុងបើកដំណើរការ និងប្រើប្រាស់កម្មករកម្មការិនីប្រមាណជាង ១២ម៉ីននាក់។
ដោយសារខេត្តមួយនេះនៅជិតកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ និងមានផ្លូវជាតិបីខ្សែ គឺផ្លូវលេខ៥១ ផ្លូវលេខ៤៤ និងផ្លូវលេខ៤១។ ក្នុងនោះផ្លូវ៥១ មានគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន OCIC លើផ្ទៃដី ៥០០ហិកតា ផ្លូវលេខ៤១ មានគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុនសិង្ហបុរី និងផ្លូវលេខ៤៤ មានក្រុមហ៊ុនកំពុងអភិវឌ្ឍន៍លើវិស័យជាច្រើន។
លោកអភិបាលខេត្តបានបន្តថា ខេត្តកំពង់ស្ពឺ ក៏មានការអភិវឌ្ឍលើវិស័យអចលនទ្រព្យ មានអ្នកវិនិយោគនាំគ្នាសាងសង់លំនៅឋាន ឬពុះដីឡុតិ៍លក់ជាបន្តបន្ទាប់ ដែលបច្ចុប្បន្នដីលក់នៅក្រុងកំពង់ស្ពឺមានតម្លៃជាមធ្យមចន្លោះពី ១០០ទៅ៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ រីឯតម្លៃដីតាមតំបន់ជាយក្រុងកំពង់ស្ពឺ និងដីស្រែមានតម្លៃចន្លោះពី៤០ទៅ៦០ដុល្លារអាមេរិកក្នុង១ម៉ែត្រការ៉េ៕