ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី១៧ ខែមីនា ២០២១ បានចេញលិខិតស្ដីបន្ទោសចំៗ ទៅលើលោកគ្រូបង្រៀន មុខវិជ្ជា គីមីវិទ្យា ឈ្មោះ ម៉ៃ ថុនា ដែលបង្រៀននៅវិទ្យាល័យអង្គតាសោម ក្រោយរកឃើញថា គាត់បានចូលរួមកម្មវិធីដែលមានមនុស្សច្រើនកុះករ ហើយកម្មវិធីដដែលនោះ មានអ្នកជំងឺកូវីដ១៩ ចូលរួមដែរ។ បញ្ហានៅត្រង់ថា ក្រោយជាប់ឈ្មោះថា បានចូលរួមកម្មវិធីជួបជុំ ដែលមានអ្នកជំងឺកូវីដទៅដែរនោះ គាត់បានមកបង្រៀន (ជួបផ្ទាល់) សិស្សក្នុងថ្នាក់ធម្មតា ក្រោយកើតហេតុ។
យ៉ាងណាមិញ ក្រសួងអប់រំ យុវជន និងកីឡា ក៏មិនបានបញ្ជាក់ច្បាស់ថា លោកគ្រូ ម៉ៃ ថុនា ចូលរួមកម្មវិធីអ្វី ហើយកាលពីថ្ងៃណាដែរ។ គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៣ មីនា ២០២១ ក្រសួងអប់រំ យុវជន និងកីឡា ក៏ទើបតែចេញសេចក្ដីណែនាំ ស្ដីពីការរក្សាសុវត្ថិភាពក្នុងការធ្វើដំណើររបស់បុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ រួចមកហើយផងដែរ៕