តើប្រជាពលរដ្ឋជនរួមជាតិខ្មែរ ស្វែងយល់បន្ថែមអ្វីខ្លះលើករណី ដ៏សង្វេគដែលបានកើតឡើងលើកុមារអាយុ ៦ឆ្នាំម្នាក់ ក្រោយធ្វើតេស្តរកឃើញថាគាត់វិជ្ជមាន ឆ្លងកូវីដពីម្ដាយទាំងវ័យក្មេងដូច្នេះ? សំនួរត្រូវបានធ្លាក់ទៅលើមនុស្សពេញវ័យ អាណាព្យាបាលគ្រប់រូបថា តេីយេីងត្រូវចូលរួមធ្វេីអ្វីខ្លះ ដេីម្បីកុំឱ្យមានការចម្លងបន្តគ្នាបែបនេះ បេីសូម្បីកូនតូចៗ ក៏ឆ្លងដែរហេីយនៅពេលនេះ?
ជុំវិញករណីសិិក្សានេះ ក្រសួងសុខាភិបាល ក៏បានបង្ហោះសារដាស់តឿនជាថ្មីម្ដងទៀត ដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ អំពីការចូលរួមទប់ស្កាត់ និងកាត់ផ្ដាច់ខ្សែចម្លងនៃវីរុសកូវីដ១៩ ដែលមានខ្លឹមសារដូចខាងក្រោម៖
«គ្មានអ្វីដែលល្អប្រសេីរជាងការនៅផ្ទះ កុំចេញក្រៅផ្ទះ បេីមិនចាំបាច់ បេីចាំបាច់ត្រូវចេញ សុំអនុវត្តន៍វិធានការ ៣ការពារ និង ៣កុំ ដែលបានដាក់ចេញដោយសម្តេចតេជោនាយករដ្ឋមន្ត្រី ឱ្យអនុវត្តន៍ទាំងអស់គ្នា ឱ្យបានម៉ឺងម៉ាត់ជាទីបំផុត អ្នកនៅភ្នំពេញសូមកុំចេញទៅខេត្ត អ្នកនៅខេត្តសូមកុំទាន់អាលចូលមកភ្នំពេញ អ្នកដែលត្រូវធ្វេីចត្តាឡីស័កចំនួន ១៤ថ្ងៃ សូមគោរពអនុវត្តន៍ឱ្យបានត្រឹមត្រូវជាទីបំផុត ផ្អាក ឬពន្យារពេល ការជួបជុំគ្នាជាចាំបាច់ និងនាំគ្នាធ្វេីការពីផ្ទះតាមអនឡាញ សាមគ្គីគ្នា ជួយអប់រំគ្នាក្នុងគ្រួសារនិមួយៗ (សុខចិត្តទ្រាំលំបាកនៅពេលនេះសិនជាជាងការលំបាកហួសប្រមាណនៅពេលខាងមុខប្រសិនបេីយេីងមិនចូលរួម ៣ការពារ និង ៣កុំទេនោះ) ទេីបយេីងអាចឆ្លងកាត់ដំណាក់កាលដ៏លំបាកនេះទាំងអស់គ្នាបាន។»
ក្រសួងក៏សូមផ្ញេីជូននូវការជូនពរដល់កុមារាតូចនេះ សូមឱ្យកូនបានជាសះស្បេីយបានឆាប់ៗ និងជូនពរដល់បងប្អូនអ្នកដែលឆ្លងរួចហេីយទាំងអស់ ឱ្យឆ្លងកាត់ដំណាក់វ៉ៃលុករបស់សត្រូវអត់ស្រមោល វិលមករកការជាសះស្បេីយឆាប់ៗ និងអ្នកដែលមិនទាន់ឆ្លង សុំកុំឱ្យមានការឆ្លងបន្តគ្នាឱ្យសោះ មានសុខភាពល្អ រួមគ្នាវ៉ៃបកសត្រូវមេីលមិនឃេីញនេះ ដោយអាវុធ ៣ការពារ និង ៣កុំ។
គួរបញ្ជាក់ថា កុមារអាយុ ៦ឆ្នាំម្នាក់ រស់នៅខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ត្រូវបានរកឃើញថាមានវិជ្ជមានវីរុសកូវីដ១៩ កាលពីថ្ងៃទី១៩ មីនា ឆ្នាំ២០២១ ដែលជាករណីឆ្លងបន្តមកពីម្ដាយ ដែលធ្លាប់ប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺកូវីដ១៩។ ក្នុងថ្ងៃទី១៩ មីនា ម្សិលមិញនេះដែរ ក្រសួងសុខាភិបាល ក៏បានប្រកាសថា មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ៥៤នាក់ និងមានអ្នកជាសះស្បើយចំនួន ១៨នាក់ផងដែរ៕
ប្រភព៖ ក្រសួងសុខាភិបាល